ឯកឧត្តម ចាយ បូរិន និង លោកជំទាវ អញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ កាន់បិណ្ឌវេនទី៨ នៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ខេត្តកំពង់ចាម

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និង លោកជំទាវ សូ ភត្រ្តា បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ ព្រមទាំងលោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទជាច្រើនកុះករ  ចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។

ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដរាបរៀងមក។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោក ដើម្បីឲ្យពួកគាត់មកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ  នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ 

ពិធិបុណ្យកាន់បិណ្ឌវេនទី៨ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងធម្មការនិងសាសនា បានអញ្ជើញរាប់បាត្រ និងវេរភត្តាហារ និមន្តព្រះសង្ឃ ដារបង្សុកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម រដ្ឋមន្រ្តី និងញាតិកាទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខសូមជួបតែសេចក្តីស្ងប់ក្នុងសុខគតិភពជារៀងរហូត៕