ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមពិធីសូត្រមន្ត ពិធីបុណ្យកឋិនទានមហាសាមគ្គី នាវត្តស្វាយពពែ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តក្រាំងតាចាន់រតនារាម ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ
នៅក្នុងឱកាសដែលពុទ្ធិបរិស័ទខ្មែរក្នុងនិងក្រៅប្រទេសរីករាយនិងពិធីបុណ្យកឋិនទាន ដោយកម្លាំងសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួម ពិធីសូត្រមន្ត ពិធីបុណ្យកឋិនទានមហាសាមគ្គី នាវត្តស្វាយពពែ ដង្ហែវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តក្រាំងតាចាន់រតនារាម ស្ថិតនៅមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្រាំងតាចាន់ ភូមិក្រាំងតាចាន់ ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីបែបសាសនានៃពិធីបុណ្យកឋិនទានមហាសាមគ្គី ដង្ហែទៅកាន់វត្តក្រាំងតាចាន់រតនារាម បានប្រព្រឹត្ត ទៅ តាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែរនាបរិវេណវត្តស្វាយពពែ រាជធានីភ្នំពេញរួមមាន៖ ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងធម្មទេសនាដោយ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិ ឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រ និងសម្តេចព្រះចៅអធិការវត្តស្វាយពពែ រាជធានីភ្នំពេញ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រុម ។
កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណា មិនមានអង្គកឋិន ហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ត្រូវរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំណត់។
សូមបញ្ជាក់ថា កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យ បិដក មហាវគ្គ កឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរទៅ វេរ ប្រគេនព្រះ ភិក្ខុ សង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាសក្នុងអាវាសវត្តណាមួយនិងជាទានវិសេស មានលក្ខណៈ ប្លែក ជាងទានដទៃ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រងកឋិនទទួលបានសង្ឃលាភ និងអានិសង្ស ៥ ហើយអ្នកប្រគេនកឋិនចីវរ ក៏ទទួលបានអានិស្ស៥ផងដែរ។
ហើយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ប្រគេនយាគូរព្រះសង្ឃនៅវត្តក្រាំងតាចាន់រតនារាម វេរភត្តាហារប្រគេនព្រះសង្ឃ ដង្ហែអង្គកឋិនទានប្រទក្សិណបីជុំព្រះវិហារ រួចវេរ អង្គកឋិនទានប្រគេនព្រះសង្ឃក្រាលគ្រងទៅតាមពុទ្ធានុញ្ញាតជាកិច្ចបង្ហើយបុណ្យ៕