ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង លើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ឫសគល់ក្នុងការចែករំលែកព្រះធម៌ និងការរួបរួមគ្នា ដើម្បីសុខដុមនីយកម្មសកល» នៅទីក្រុងកដ្ឋមណ្ឌូនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ឫសគល់ក្នុងការចែករំលែកព្រះធម៌ និងការរួបរួមគ្នា ដើម្បីសុខដុមនីយកម្មសកល (Rooted in Shared Dharma and United in Universal Harmony)» នៅទីក្រុងកដ្ឋមណ្ឌូនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក្រោមអធិបតីភាពឯកឧត្តម ខាត់ហ្កា ប្រាសាដ សាម៉ា អូលី (Khadga Prassad Sharma Oli) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

កិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ នាឱកាសនេះ បានធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងពុទ្ធសាសនិកក្នុងតំបន់ និងពិភពលោក ព្រមទាំងជាឱកាសសម្រាប់ការផ្លាស់ប្តូរគំនិតទស្សនៈ បទពិសោធន៍ការងាររវាងពុទ្ធសាសនិក និងពុទ្ធសាសនិកជុំវិញតំបន់ និងពិភពលោក សំដៅដាក់ចេញនូវវិធានការណ៍កែលម្អថ្មីៗ ដើម្បីលើកស្ទួយការអភិវឌ្ឍសុខដុមនីយកម្មព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើនថែមទៀតទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។

 ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា “ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ”។ ដូចនេះ ព្រះពុទ្ធសាសនាបាន ក្លាយជាស្ពានដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌របស់យើង ជាមួយប្រទេសដទៃទៀតនៅក្នុងសកលលោក។ តាមរយៈការផ្លាស់ប្តូរវប្បធម៌ព្រះពុទ្ធសាសនា ព្រះរាជាណាចក្រកម្ពុជាបាន បង្កើតទំនាក់ទំនងវប្បធម៌យ៉ាងទូលំទូលាយជាមួយប្រទេសដទៃទៀត ដែលមានជំនឿលើព្រះពុទ្ធសាសនា។ រហូតមកដល់ពេលនេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធម្មការ និសាសនា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនាដែលជាសាសនរបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា។

ឯកឧត្តមបណ្ឌិតចាយ បូរិន បានទូលប្រគេន និងជម្រាបជូនអង្គពិធីទាំងមូលថា ព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង ក្រោមប្រធានបទ “ក្តីសង្ឃឹមថ្មី ចក្ខុវិស័យថ្មី រួមគ្នាកសាងអនាគតថ្មី” កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានការយាង និមន្ត និងចូលរួមពីព្រះសង្ឃ និងថ្នាក់ដឹកនាំព្រះពុទ្ធសាសនាមកពី១៨ប្រទេស និងបានចេញសេចក្តីថ្លែងការណ៍រួមស្តីពី “គំនិតផ្តួមផ្តើមវេទិការាជធានីភ្នំពេញ នៃកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង” ដោយបានបង្ហាញពីការឯកភាព និងទំនួលខុសត្រូវ ផ្នែកព្រះពុទ្ធសាសនាលើវាសនាតែមួយ អភិវឌ្ឍរួមគ្នា បរិយាបន្ន ដោយបើកចំហ និងដំណើរឆ្ពោះទៅអនាគត។

ក្នុងនាមក្រសួងធម្មការ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំព្រះពុទ្ធសាសនា នាពេលនេះ នឹងឈានឆ្ពោះទៅរកសាមគ្គីភាពរឹងមាំ ដើម្បីលើកស្ទួយវិស័យសាសនា ក្នុងការរួមចំណែកឲ្យកាន់តែច្រើន និងសកម្មបន្ថែមទៀត ក្នុងការអភិវឌ្ឍនៃការផ្លាស់ប្តូរអរិយធម៌ពិភពលោក និងការ យោគយល់គ្នាទៅវិញទៅមក ដោយប្រាជ្ញា និងកម្លាំងនៃសាសនា ព្រមទាំងបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាបន្ថែមទៀត។

កិច្ចប្រជុំតុមូលព្រះពុទ្ធសាសនានេះ ក៏បានបំផុសនូវការរួបរួមកម្លាំងសាមគ្គី ឯកភាពគ្នាទាំងពុទ្ធចក្រ និងអាណាចក្រ បង្កើតបានជាថាមពលរឹងប៉ឹងមួយ ក្នុងចំណោមពុទ្ធបរិស័ទ ឈានទៅរួមគ្នាថែរក្សាមរតកសាសនា លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ប្រកៀកស្មាគ្នាអភិវឌ្ឍន៍ពិភពលោក ក្រោមដំបូលសន្តិភាព និងសុខដុមនីយកម្ម៕