ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន អញ្ជើញជាអធិបតីពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” នៅសាលសន្និសីទចតុម្មុខ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។

បន្ទាប់ពី សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល និង ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា យាង និមន្ត និងអញ្ជើញ អានព្រះរាជសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍ថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ដែលបានប្រារព្ធក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា នឹងជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីសន្តិភាពនៅ ក្នុងសង្គមជាតិនិងសាកលលោក។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងផ្ដល់អនុសាសន៍ដឹកនាំជាប្រចាំលើការលើកកម្ពស់សីលធម៌សង្គម ព្រមទាំងបានជំរុញឱ្យនាំយកទ្រឹស្តី និងរបៀបប្រតិបតិ្តខាងផ្នែកព្រះពុទ្ធសាសនា ទៅផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យបានទូលំទូលាយ ដូចជា Facebook YouTube Tiktok Telegram និងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដើម្បីរៀន បង្រៀន ពិភាក្សាព្រះធម៌ និងផ្សព្វផ្សាយព្រះធម៌។

ដូច្នេះ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងធម្មការនិងសាសនាក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” ជាប្រធានបទដ៏ស័ក្ដិសមបំផុតសម្រាប់ការអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា ទាំងក្នុងប្រទេសនិងសកលលោក បង្ហាញពីការរីកចម្រើនខាងបច្ចេកវិទ្យាបាននាំមកទាំងកាលានុវត្តភាពផង និងការប្រឈមផង ជាក់ស្ដែងព្រះពុទ្ធសាសនា កំពុងសម្របខ្លួនទៅនឹងយុគសម័យឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា បម្រើឱ្យគោលដៅទំនាក់ទំនង ការអប់រំ ការផ្សព្វផ្សាយអំពីធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ការលើកកម្ពស់សីលធម៌សង្គម និងការកសាងសហគមន៍ប្រកបដោយសន្តិសហវិជ្ជមាន។