ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីបើកកម្មវិធី សង្រ្កាន្តឆ្នាំថ្មី ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមប្រធានបទ” យុវជន PSB University ប្តេជ្ញារក្សាការពារសន្តិភាព”

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីបើកកម្មវិធី សង្រ្កាន្តឆ្នាំថ្មី ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមប្រធានបទ” យុវជន PSB University ប្តេជ្ញារក្សាការពារសន្តិភាព” ដើម្បីអបអរឆ្នាំថ្មី២០២៥ ក៏ដូចជាការចូលរួមថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ខ្មែរ រួមទាំងបង្កើតកម្មវិធីសប្បាយរីករាយដល់សិស្ស និស្សិត បន្ទាប់សម្រាកពីការសិក្សា មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលប្រារព្ធឡើងនៅ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា វត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បណ្តាអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា សិស្ស និស្សិត យ៉ាងច្រើនកុះករ ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា សង្ក្រាន្តឆ្នាំថ្មីនេះ ពិតជាបានចូលរួមចំណែកខ្លាំងណាស់ ក្នុងការថែរក្សា និងអភិរក្សនូវសម្បត្តិវប្បធម៌ជាតិ ខណៈសកម្មភាពនេះ កំពុងមានការរៀបចំយ៉ាងផុសផុលនៅទូទាំងប្រទេស តបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា «សង្ក្រាន្ដ នៅកម្ពុជា» នឹងចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥ ក្នុងនោះសម្ដេចធិបតី ក៏បានប្រកាសឱ្យប្រជាជនកម្ពុជារៀបចំសង្រ្កាន្តឱ្យបានគ្រប់ទិសទី ដើម្បីអបអរឆ្នាំថ្មីឱ្យបានសប្បាយរីករាយ ព្រោះយើងមិនបានបាត់បង់«សង្ក្រាន្ដ»ទៅណាទេ។
ជាមួយនេះបានជំរុញ និងអំពាវនាវដល់យុវជនជំនាន់ក្រោយ ត្រូវខិតខំថែរក្សានូវសម្បត្តិវប្បធម៌ទាំងអស់នោះ តាមរយៈការលេងកម្សាន្តល្បែងប្រជាប្រិយ ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យពិភពលោកបានស្គាល់ពីសង្ក្រាន្តរបស់ខ្មែរបន្ថែមទៀត និងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាអភិបាលប្រោះព្រំ សព្វសាធុការពរ សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្តដឹកនាំប្រទេសកម្ពុជាទទួលនូវភាពសុខក្សេមក្សាន្ត សំបូរសប្បាយ សម្រាប់ជាឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។
ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសង្ឃរាជ ជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានប្រសាសន៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីថាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥ បានជម្រាបជូនថា ឯកឧត្តម រដ្ឋមន្រ្តីថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានធ្វើឡើង ក្រោមប្រធានបទ “យុវជន PSB University ប្តេជ្ញារក្សាការពារសន្តិភាព” ប្រធានបទនេះ គឺពិតជា ការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យុវជន ក្នុងនាមជាបញ្ញវន្តជំនាន់ថ្មី ដែលទទួលបានការបណ្តុះ បណ្តាលទាំងចំណេះវិជ្ជា ទាំងគុណធម៌ព្រះពុទ្ធសាសនា យុវជនយើងគឺជាទំពាំងស្នងឫស្សី ជាកម្លាំងចលករដ៏សំខាន់ និងជាអនាគតរបស់សង្គមជាតិ។ យុវជន PSBU មានថាមពល បញ្ញាញាណ ឧត្តមគតិ និងសក្តានុពលដ៏ធំធេង ក្នុងការ ចូលរួមយ៉ាងសកម្ម ដើម្បីរក្សាការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ធានាស្ថិរភាព ការ អភិវឌ្ឍជាតិលើគ្រប់វិស័យ និងភាពសុខដុមរមនាក្នុងសង្គម។
សូមជម្រាបជូនថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងនាថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២៥ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានការរៀបចំលេងល្បែងប្រជាប្រិយកម្សាន្តចម្រុះ ដែលមានទាំងតាមបែបបុរាណ និងសម័យ ជាពិសេស ការលេងល្បែងប្រជាប្រិយខ្មែរ មានទាញព្រ័ត លាក់កន្សែង ចោលឈូង បោះអង្គុញ ឬវាយក្អមជាដើម ហើយក៏មានការរាំលេងកម្សាន្ត និងសម្ដែងនូវរបាំប្រពៃណីជាតិ ដែលជាការកំណតអត្តសញ្ញាណយ៉ាងច្បាស់ពី អរិយធម៌ វប្បធម៌ ប្រពៃណី ដ៏សម្បូរបែបរបស់ដូនតាខ្មែរពីសម័យបុរាណ ដើម្បីត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ ៕