ឯកឧត្តម ចាយ បូរិន ៖ ក្រសួងធម្មការនិងសាសនា កំពុងតាក់តែងរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជូនដល់អង្គភាពក្រោឱវាទ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានប្រសាសន៍នៅក្នុងពិធីបើក សិក្ខាសាលាស្ដីពីគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធានស្ដីពីការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជូនដល់អង្គភាពក្រោមឱវាទក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធម្មការនិងសាសនា ដោយមានមន្រ្តីជំនាញធ្វើការពន្យល់និងជជែកពិភាក្សា ដើម្បីធ្វើកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ។ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីធានាបាននូវសុខុដុមណីយកម្មសាសនានៅកម្ពុជា ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋភិបាល ត្រូវរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជូនដល់អង្គភាពក្រោមឱវាទ ឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ និងមានភាពប្រាកដនិយមរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ចាយ បូរិន បញ្ជាក់ថា អភិក្រមនៃការបង្កើតច្បាប់ គឺច្បាប់ បង្កើតមកដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គម ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬការបង្កើតបន្ទុកនោះទេ ប៉ុន្តែគោលការណ៍ណែនាំនេះ ត្រូវបានបែងចែកជាផ្នែក ទៅតាមខ្លឹមសារសំខាន់ៗ ដែលមានសេចក្តីណែនាំលម្អិតក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដើម្បីជៀសវាងភាពមិនស៊ីសង្វាក់គ្នា ឬជាន់សមត្ថកិច្ចគ្នា ឬផលវិបាកមិនល្អទៅដល់បុគ្គល ធុរកិច្ច និងសង្គម។ឯកឧត្តម រដ្ឋមន្រ្តី បានក្រើនរំលឹកផងដែល ដល់សិក្ខាកាមជាមន្រ្តីរាជការ ព្រះមន្រ្តីសង្ឃ ដែលនិមន្តនិងអញ្ជើញមកពីបណ្តាមន្ទីរ រាជធានី-ខេត្តក្រោមឱវាទក្រសួងធម្មការនិងសាសនាទាំងអស់ ដែលចូលរួមក្នុងសិក្ខាសាលា ប្រកបដោយស្មារតីយកព្រះទ័យ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការឈ្វេងយល់អំពី គោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលក្រសួងធម្មការនិងសាសនា ត្រូវកសាង និងតាក់តែង នាពេលខាងមុខ៕