ឯកឧត្តម ចាយ បូរិន ៖ ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៧ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។

ឯកឧត្តម រដ្ឋមន្រ្តីបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំខាងមុខ ២០២៤-២០២៨ រួមមាន៖
១. ការលើកកម្ពស់សាសនារបស់រដ្ឋ
២. ការលើកកម្ពស់សីលធម៌សង្គម
៣. ការរក្សាសុខដុមនីយកម្មសាសនា
៤. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត
និង៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីថា វគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួងធម្មការនិងសាសនា ធ្វើការពិនិត្យស្រាវជ្រាវ និងស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់នៅពិធីកម្ម ចេះចាំទំនៀមស្រុកទេ ដែលមានសមត្ថភាពខ្ពស់ មានបទពិសោធន៍យូរឆ្នាំ ដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ នៅក្នុងការផ្លាស់ប្ដូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍គ្នាទៅវិញទៅមកលើកកម្ពស់ពិធីកម្មផ្សេងៗ ដើម្បីកុំឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នាទៀត ។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៧ នាឱកាសនេះ មានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២១១អង្គ/នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប ជាអ្នកសិក្សាលើ២០មុខវិជ្ជា ចែកចេញជា៤ផ្នែកធំៗ ៕