ឯកឧត្តម ចាយ បូរិន ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធសេរីភាពពេញលេញដល់គ្រប់ជំនឿសាសនា ប៉ុន្តែគ្រប់សាសនាត្រូវតែគោរពទៅតាមច្បាប់របស់ប្រទេសកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកបណ្ឌិត ម៉ាថាយ ជច ជណាការា អគ្គលេខាធិការ និងជាប្រធានប្រតិបត្តិអង្គការសន្និសីទគ្រិស្តានអាស៊ី (CCA) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ។

លោកបណ្ឌិត ម៉ាថាយ ជច ជណាការា បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីអំពីក្នុងគោលបំណងសំខាន់ៗដូចជា៖

១. ជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់អង្គការសន្និសីទគ្រិស្តានអាស៊ី (CCA) ប្រចាំនៅកម្ពុជា ដោយផ្តោតទៅលើ វិស័យគ្រីស្ទសាសនានៅកម្ពុជា , វិស័យអភិវឌ្ឍន៍សង្គម និងការងារជួយស្រ្តីនិងកុមារ ។

២. សំណើសុំការគាំទ្រពីសំណាក់ឯកឧត្តម រដ្ឋមន្រ្តី ចំពោះកិច្ចការរបស់អង្គការសន្និសីទគ្រិស្តានអាស៊ី (CCA) ប្រចាំនៅកម្ពុជា។

៣. ជម្រាបជូន អំពីសៀវភៅដែលលោក បានចងក្រងពីសាសនាគ្រីស្ទនៅកម្ពុជា។

ក្នុងនោះផងដែល លោក អគ្គលេខាធិការ និងជាប្រធានប្រតិបត្តិអង្គការសន្និសីទគ្រិស្តានអាស៊ី (CCA) សូមគោរពអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសន ដែលតែងតែគាំទ្រ និងផ្តល់សិទ្ធសេរីភាពគ្រប់ជំនឿសាសនាផ្សេងៗនៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។

ឯកឧត្តម ចាយ បូរិន សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការ និងសូមលើកទឹកចិត្តដល់អង្គការសន្និសីទគ្រិស្តានអាស៊ី (CCA) ប្រចាំនៅកម្ពុជា ក្នុងការបន្តធ្វើកិច្ចការមនុស្សធម៌ និងអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជូនពរដល់គណៈប្រតិភូជួបតែសុខសុវត្ថិភាព ពិសេសសម្រេចបានជោគជ័យក្នុងបេសសកម្មការងារដែលត្រូវអនុវត្តក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ៕