ឯកឧត្តម ឆាត សុឆេត ៖ ហុងស៊ុយបីក្នុងជីវិតមនុស្សគឺ ភាពស្មោះត្រង់, ការអត់ធ្មត់, និងកុំភ្លេចគុណអ្នកធ្លាប់ជួយយើង

ឯកឧត្តម ឆាត សុឆេត បានមានប្រសាសន៍ថា ប្រកាន់ភ្ជាប់នៅហុងស៊ុយបីក្នុងជីវិតមនុស្សគឺ ភាពស្មោះត្រង់, ការអត់ធ្មត់, និងកុំភ្លេចគុណអ្នកធ្លាប់ជួយយើង ពិសេសត្រូវពិតប្រាកដ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគុណធម៌ ដើម្បីជាបច្ច័យមួយសម្រាប់វិវឌ្ឍខ្លួនជាធនធានមនុស្សលើជំនាញហុងស៊ុយបែបវិទ្យាសាស្ត្រ និងអាចយកទៅប្រើប្រាស់ស្របតាមអធ្យាស្រ័យរៀងៗខ្លួននៅក្នុងសង្គម។

មានប្រសាសន៍ថ្លែងបែបនេះក្នុងឱកាសដែល ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាហុងស៊ុយ ឆ្នាំ២០២៥ នាសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។

ពិធីនេះជាការរៀបចំសមាគមហុងស៊ុយអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដឹកនាំដោយឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី អគ្គនាយិកា ក្រុមហ៊ុនម៉ាស្ទ័រណាលីហុងស៊ុយ និងជាប្រធានសមាគមហុងស៊ុយអន្តរជាតិ ប្រចាំប្រទេសកម្ពុជា និងដោយមានវត្តមានចូលរួមពីវាគ្មិនលំដាប់ជាតិ-អន្តរជាតិ ពិសេសវត្តមានសិក្ខាកាមយ៉ាងច្រើនកុះករ ។

ឯកឧត្តម ឆាត សុឆេត បានមានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនាជាស្ថាប័នរដ្ឋទទួលខុសត្រូវលើជំនឿសាសនារបស់ប្រជាជន ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានយកចិត្តទុកដាក់ ចំពោះគ្រប់អ្នកធ្វើសកម្មភាពនានាលើវិស័យជំនឿសាសនា ដែលកំពុងមានវត្តមាននៅកម្ពុជាដោយគ្មានការរើសអើង ប៉ុន្តែត្រូវគោរពតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទស្សនៈទូលំទូលាយប្រកបដោយភាពប្រាកដនិយមក្នុងការដឹកនាំជាតិ និងកំពុងសហការយ៉ាងជិតស្និតជាមួយដៃគូអភិវឌ្ឍ ស្ថាប័នជាតិនិងអន្តរជាតិ ពិសេសបានបើកនូវសិទ្ធសេរីភាពយ៉ាងពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ដោយឡែកហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលមានក្បួនខ្នាតត្រឹមត្រូវនិងមានការទទួលស្គាល់ស្តង់ដារគុណភាពជាលក្ខណៈអន្តរជាតិ មានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា នោះគឺជាការប្រសើរ ហើយសិក្ខាសាលានាឱកាសនេះក៏ជាការបណ្តុះបណ្តាល អ្នកជំនាញហុងស៊ុយបែបវិទ្យាសាស្ត្រ នៅប្រទេសកម្ពុជា។

ជាងនេះ ឯកឧត្តម ឆាត សុឆេត បានរំលេចនូវគម្រោងដ៏គួរឱ្យចាប់អារម្មណ៍មួយគឺ គម្រោង យិនផារ៉ាដាយ ដែលឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី បានលើកឡើងថា គម្រោងដែលកំពុងតែដំណើរការនេះ មានលក្ខណៈស្របតាមស្តង់ដារអន្តរជាតិ ដែលឋិតនៅទីតាំងមួយប្រកបដោយទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ ឯកឧត្តម សង្ឃឹមថា សិក្ខាសាលាហុងស៊ុយ ឆ្នាំ២០២៥នាថ្ងៃនេះ និងជាឱកាសដល់សិក្ខាកាមបានសិក្សាស្វែងយល់ពីហុងស៊ុយបែបជំនឿ និងហុងស៊ុយបែប
វិទ្យាសាស្ត្រ ដែលមានស្តង់ដារត្រឹមត្រូវ ពិតប្រាកដ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគុណធម៌ ដើម្បីកសាងបាននូវធនធានមនុស្សលើជំនាញហុងស៊ុយបែបវិទ្យាសាស្ត្រ សម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋ នៅក្នុងសង្គមកម្ពុជា ៕