ឯកឧត្តម ជា ពៅ៖ ភូមិតានន ជាស្ពានទំនាក់ទំនង ប្រជាជនកម្ពុជា និងប្រជាជនចិន

ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការ អគារពហុបំណង ភូមិគំរូកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន មានរៀបចំកម្មវិធីសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន។

ដោយជម្រាបជូនដល់ អង្គពិធីសរុប ចំនួន១០០នាក់ ដែលរួមមាន អភិបាលរងស្រុកបាទី មេឃុំ-ក្រុមប្រឹក្សាឃុំដូង មន្ត្រីរាជការ កម្មករ-កម្មការិនី សិស្ស ប្រជាជន រស់នៅក្នុង ភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងមិត្តចិន ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ជា ពៅ អគ្គលេខាធិការរង បានថ្លែងថា ក្រោមម្លប់សុខសន្តិភាព យ៉ាងពេញបរិបូរណ៍ និងក្រោមទម្រមិត្តដែកថែបរវាង កម្ពុជានិងចិន វេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានរួមគ្នាជ្រើសរើសយកភូមិតាននជាភូមិគំរូមិត្តភាពកម្ពុជា-ចិនក្នុងការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ។

ការរៀបចំ កម្មវិធីសាទរ ពិធីចូលឆ្នាំថ្មី ប្រពៃណីចិន នាថ្ងៃនេះ ជាសក្ខីភាព នៃចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរដែលតែងសាទរគ្នាទៅវិញទៅមក រៀនសូត្រពីគ្នា និងចែករំលែកក្តីស្រឡាញ់ជាមួយគ្នា។ តាមរយៈពិធីនាថ្ងៃនេះ ក៏ជាសញ្ញាណវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំរវាងសង្គមស៊ីវិល នៃប្រទេសយើងទាំងពីរ ក្នុងការរួមចំណែក ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញបាននូវតម្រូវការជាមូលដ្ឋាន ជូនដល់ប្រជាជនកម្ពុជា។

លោក Liu Zhanguo ប្រធានការិយាល័យ មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា បានយល់ ស្របជាមួយ វេទិកាសម្ព័ន្ធសង្គមស៊ីវិលថា ភូមិតានន ជាស្ពានទំនាក់ទំនង ប្រជាជនកម្ពុជា និងប្រជាជនចិន ដោយសារតែទទួលបានការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល លើការអនុវត្តគម្រោង នៅភូមិតានន ទើបក្នុងរយៈពេល ជាង៣ឆ្នាំកន្លង មកបានជួយរួមចំណែកប្រែក្លាយមុខមាត់របស់ភូមិតាននដោយទទួលបាននូវអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង។

ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម៉្សាញ់ គឺជាការប្រមូលផ្តុំនូវកម្លាំងសាមគ្គីរវាងសង្គមស៊ីវិល និងប្រជាជននៃប្រទេសយើងទាំងពីរក្នុងការចូលរួមកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

កញ្ញា Yao Shiya នាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិន បានសាទរនឹងសមិទ្ធផលនានា ដែលប្រជាជនភូមិតាននសម្រេចបានតាមរយៈភាពរឹងមាំនៃកិច្ចសហការរវាងសង្គមស៊ីវិលប្រទេសយើងទាំងពីរ ហើយកញ្ញាបានវាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជាដែលបានយល់ដឹងយ៉ាងច្បាស់លាស់ពីពិធីបុណ្យចូលឆ្នាំចិន។ លើសពីនេះ កញ្ញានឹងប្រើប្រាស់វិទ្យុមិត្តភាពកម្ពុជា-ចិនចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីកសិផលរបស់អ្នកភូមិតាននដល់អតិថិជនគោលដៅ ដើម្បីរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ជីវភាពរស់នៅកាន់តែធូធារដល់អ្នកភូមិតានន។

ក្នុងនាមរដ្ឋបាលស្រុកបាទី និងក្នុងនាមអ្នកភូមិតាននដែលពោរពេញដោយក្តីសប្បាយរីករាយ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានថ្លែងដោយក្តីរីករាយថា កម្លាំងរួមគ្នារវាងសង្គមស៊ីវិលកម្ពុជានិងចិន ដោយមានការជួយផ្សព្វផ្សាយបន្ថែមពិវិទ្យុមិត្តភាពកម្ពុជា-ចិន នឹងនាំមកនូវវិបុលភាពដល់អ្នកភូមិតានន ហើយការរៀបចំកម្មវិធីនាថ្ងៃនេះជាការគូសរំលេចនូវមនោសញ្ចេតនារីករាយរួមគ្នា ហើយលោកក៏បានសាទរដល់ពេលដំណាលគ្នានៃពិធីបុណ្យចូលឆ្នាំចិន និង ក្រម៉ាខ្មែរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងមក៕