ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ថា រដ្ឋាភិបាលលើកទឹកចិត្តវិស័យឯកជនវិនិយោគ បន្ថែមការនាំយកបច្ចេកវិទ្យា ចុងក្រោយមកកាន់កម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យវិស័យឯកជនវិនិយោគ បន្ថែមលើការនាំយកនូវបច្ចេកវិទ្យាចុងក្រោយមកកាន់កម្ពុជា ស្របគ្នានឹងការជំរុញការបណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញបច្ចេកទេសដល់និយោជិតខ្មែរ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជា នេះជាប្រសាសន៍ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម បានបន្តទៀតថា ក្រោយពីបានបណ្តាក់ទុនវិនិយោគបង្កើត មជ្ឈមណ្ឌលនេះឡើង ដើម្បីត្រួតពិនិត្យ និងធ្វើតេស្តឧបករណ៍ពិសេស សំដៅចូលរួមចំណែករក្សា និងបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍ពិសេស ដោយនាំយកនូវបច្ចេកវិទ្យាជឿនលឿនពីប្រទេសចិន មកអនុវត្តនៅកម្ពុជា។
ឯកឧត្តម ជា វុទ្ធី បន្ថេមថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនេះ ជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា ដោយវានឹងក្លាយជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធានាបានថា ឧបករណ៍ពិសេសដែលត្រូវបានប្រើប្រាស់ គឺស្របតាមស្តង់ដាអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់។
ជាមួយគ្នា នេះ ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានថ្លៃងផងដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់សេវា និងការគាំទ្រគ្រប់បែបយ៉ាង ដើម្បីធានាថាក្រុមហ៊ុន ដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា អាចរីករលូតលាស់ជាបន្តបន្ទាប់។
បើតាមការអះអាងរបស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានឲ្យដឹងថា ការជ្រើសរើសបណ្តាក់ទុនវិនិយោគក្នុងការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនៅកម្ពុជា ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ឧបករណ៍ពិសេសទាំងនេះជាប្រចាំ។ ក្នុងមួយឆ្នាំ ក្រុមហ៊ុននឹងបណ្ដុះបណ្ដាលជំនាញដល់កម្លាំងពលកម្មនៅកម្ពុជាប្រមាណ៣០០នាក់ ព្រមទាំងបុគ្គលិកប្រតិបត្តិការផ្ទាល់ប្រមាណ៣ម៉ឺននាក់។
សូមបញ្ជាក់ថា ការកើនឡើងនូវឧស្សាហូបនីយកម្ម ក៏ដូចជាការរីកដុះដាលនៃវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា បានធ្វើឱ្យការប្រើប្រាស់ឧបករណ៍ពិសេសដូចជា៖ ឡចំហាយ ធុងសម្ពាធ ជណ្តើរ យន្ត គ្រឿងចក្រលើកស្ទួចទម្ងន់ធ្ងន់ ជាដើម មានការកើនឡើងយ៉ាងគំហុក។ ក្នុងបរិការណ៍នេះ ការត្រួតពិនិត្យ និងធ្វើតេស្តឧបករណ៍ពិសេសនេះឱ្យបានទៀងទាត់ គឺជាការការពារអាយុជីវិតរបស់កម្មករនិយោជិត ដែលប្រើប្រាស់ឧបករណ៍ទាំងនេះជាប្រចាំ៕