ឯកឧត្តម ជា សុមេធី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តកំណត់ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ដ្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិម្បទា មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់ ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងឱកាសអញ្ចើញជាអធិបតីក្នុងពិធីខួបលើកទី១១៤ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»ក្នុងគោលបំណងរំលេចអំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនេះក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។
ឯកឧត្តមក៏បានថ្លែងបន្តថា នៅក្នុងរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តី គឺជាស្នូល» ស្របទៅនឹងទិសស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលបានថ្លែងថា “នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើ រឿងជោគជ័យនៅខាងក្រៅដែរ”។ ដោយរាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេង ស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាពនិងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តីនិងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា រាជរដ្ឋាភិបាល តែងតែបង្កឱកាសឱ្យស្ត្រីមាន ឋានៈ និងតួនាទី ក្នុងការចូលរួមធ្វើសេចក្ដីសម្រេចចិត្ត ជាក់ស្តែងក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្រ្តីបានទទួលឋានៈតួនាទីជាប្រធានរដ្ឋសភា ក្នុងស្ថាប័ននីតិប្រតិបត្តិ ស្រ្តីបានទទួលឋានៈ តួនាទីជារដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងតួនាទីជាថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន អង្គភាពនានា និងថ្នាក់ក្រោមជាតិ ដែលបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដល់ស្រ្តី ក្នុងសកម្មភាពសង្គមតាមតួនាទី និង សមត្ថភាពរៀងៗខ្លួន។
ជាមួយគ្នានេះដែរ ឯកឧត្តម ជា សុមេធី ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមនី សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចំពោះថ្នាក់ដឹកនាំជាស្ត្រី និងបងប្អូនមន្ត្រីរាជការនាឱកាសដ៏វិសេសវិសាលនេះ។
ឯកឧត្តម ជា សុមេធី បានសំណូមពរដល់មន្រ្តី និងបុគ្គលិកជាបុរសទាំងអស់ ត្រូវខិតខំស្វែងយល់ពី បញ្ហាយេនឌ័រ និងចូលរួមសហការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការរើសអើងចំពោះស្ត្រី និងបង្កលក្ខណ:ឱ្យស្ត្រី មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមគ្រប់សកម្មភាពរបស់ក្រសួង និងសង្គមជាតិយើង៕