ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ដឹកនាំគណៈប្រតិភូក្រសួងទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាននៅសាធារណរដ្ឋសិង្ហបុរី

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ជា ផល្គុន នឹងដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន និងសន្និសីទគ្រួសារអាស៊ីលើកទី៤ ក្រោមមូលបទ “គ្រួសារអាស៊ីដែលមានភាពរឹងមាំ និងភាពធន់៖ បញ្ហាប្រឈម និងកាលានុវត្តភាព”ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី តបតាមការអញ្ជើញរបស់ ឯកឧត្តម Masagos Zulkifli រដ្ឋមមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ នៃសាធារណរដ្ឋសិង្ហបុរី។ឯកឧត្តម នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន រួមជាមួយរដ្ឋមន្ត្រីនៃ ប្រទេសជាសមាជិកអាស៊ានដទៃទៀត ស្តីពីកិច្ចសហប្រតិបត្តិការលើការពង្រឹងស្ថានភាពគ្រួសារអាស៊ាន។ក្នុងឱកាសនៃកិច្ចប្រជុំ និងសន្និសីទ ឯកឧត្តមក៏នឹងអញ្ជើញជួបទ្វេភាគីដាច់ដោយឡែក ជាមួយឯកឧត្តម Masagos Zulkifli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ នៃសាធារណរដ្ឋសិង្ហបុរី ដើម្បីពិភាក្សាការងារលើកិច្ចសហការស្តីពីកិច្ចការគ្រួសាររវាងកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។ឯកឧត្តម ក៏នឹងអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ ឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងទទួលជួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael George  នៃរាជវង្សអង់គ្លេស  និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Care for Children ដើម្បីពិភាក្សាលើគម្រោងរបស់អង្គការ Care for Children នៅកម្ពុជា។