ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជា សម្រាប់ឆ្នាំ២០២៥

តាមការគ្រោងទុកនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ពិធីបុណ្យមាឃបូជា នឹងប្រារព្ធធ្វើឡើងជាផ្លូវការ នៅបរិវេណឧបដ្ឋានសាលាខាងក្រោម ដែលស្ថិតខាងកើតព្រះមហាសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះពុទ្ធបរមគ្រូ នៅភ្នំព្រះរាជទ្រព្យ ឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានលើកឡើងក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជាសម្រាប់ឆ្នាំនេះ។ 

នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន នៃ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណៈ រៀបចំការប្រារព្ធ ពិធីបុណ្យមាឃបូជា ដោយមានការនិមន្ត ចូលរួមពីព្រះរាជតំណាងសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង និងព្រះមន្ត្រីសង្ឃជាច្រើនអង្គ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាល រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ 

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំមានប្រសាសន៍ថា បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងវិស័យព្រះពុទ្ធសាសនាហើយប្រទេសដែលគោរពប្រតិបត្តិប្រកាន់ខ្ជាប់នូវប្រពៃណីព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន។ 

ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺ ថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។ 

ពិធីបុណ្យមាឃបូជាឆ្នាំនេះ នឹងត្រូវប្រារព្ធពិធីជាផ្លូវការ នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈរៀបចំចាត់ចែងពិធីបុណ្យឲ្យសាកសមទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការយាង និងនិមន្ត ពីសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងមន្ត្រីសង្ឃសរុបចំនួន៨០អង្គ ដែលត្រូវយាង និមន្តបិណ្ឌបាត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទចូលរួមបំពេញកុសល ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ 

ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមសហការការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អ នៅក្នុងថ្ងៃប្រារព្ធពិធី ហើយដោយឡែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយមានដូចជា វិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា និងស្ថាប័នឯកជន មានភារកិច្ច ចុះយកព័ត៌មាន ធ្វើសកម្មភាពថតយករូបភាព ក្នុងពេលប្រារព្ធពិធីបុណ្យ និងណែនាំឲ្យមានការផ្សព្វផ្សាយធម៌ទេសនា អំពីប្រវត្តិនៃពិធីបុណ្យមាឃបូជានេះឲ្យបានទូលំទូលាយស័ក្តិសមជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង។