ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងជុំវិញការត្រៀមលក្ខណៈរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ ១២ ឆ្នាំ
ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លើកឡើងថា÷ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ ១២ឆ្នាំ និងប្រារព្ធរៀបចំឡើងនៅសួនច្បារខាងកើតវិមានឯករាជ្យព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ ។ ឯកឧត្តម ឈិន កេតនា មានប្រសាសន៍លើកឡើងបែបនេះនៅក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ ១២ឆ្នាំ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ។ ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានលើកឡើងអំពីខ្លឹមសារនៃផែនការណែនាំនិមួយៗ ជូនដល់អង្គប្រជុំឲ្យបានជ្រាប ព្រមទាំងសម្រេចកំណត់រូបភាពចាត់តាំង និងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ។ ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានលើកឡើងអំពីការរៀបចំ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៤ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ។ ឯកឧត្តម បន្តថា ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ ឆ្នាំ គណៈប្រតិភូ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ចំនួន៦២ នឹងអញ្ជើញចូលរួមក្នុងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះហើយ។ មុននឹងបញ្ចប់ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានសំណូមពរឲ្យ សមាជិក សមាជិកា អង្គប្រជុំទាំងអស់រាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត។