ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា
នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និង ជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធាន បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំទាំងអស់ ដែលមានវត្តមានតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំមានប្រសាសន៍ថា កម្ពុជាតែងតែទទួលស្វាគមន៍គណៈប្រតិភូគ្រប់បណ្ដាប្រទេសដែលមានបំណងចង់មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការរៀបចំទទួលបដិសណ្ឋារកិច្ច និងជូនដំណើរដល់គណៈប្រតិភូ គ្រប់ដំដំណើរទស្សនកិច្ចប្រកបដោយសុវត្ថិភាព ទាំងនេះគឺផ្តល់ជាសារវិជ្ជមានពីកម្ពុជា និងមានសារៈសំខាន់បំផុតទៅកាន់ពិភពលោកថា ប្រទេសកម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពពេញលេញក្រោម នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងប្រមុខរាជរដ្ឋាភិបាលបន្តវេន អាណត្តិទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងស្វាហាប់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយការពិភាក្សារួចមក អង្គប្រជុំបានឯកភាពជាគោលការណ៍ និងធ្វើការកំណត់បែងចែកភារកិច្ចជូន ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់អនុវត្តដូចខាងក្រោម៖
កាលបរិច្ឆេទនៃដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូគឺចាប់ពី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:១៥នាទី គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោកជំទាវ ព្រមទាំងសមាជិក សមាជិកា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយឡែកនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គណៈប្រតិភូធ្វើមាតុភូមិនិវត្ត។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានស្នើឱ្យកម្លាំងទាំងអស់សហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម និងចរាចរណ៍ទាំងនៅសណ្ឋាគារគណៈប្រតិភូស្នាក់នៅ ផ្លូវឆ្លងកាត់ និងគ្រប់ទីកន្លែង ដែលគណៈប្រតិភូបំពេញទស្សនកិច្ច។
សូមបញ្ជាក់ថាដំណើរទស្សនកិច្ច គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោកជំទាវ ព្រមទាំងសមាជិក សមាជិកា នៅពេលខាងមុខនេះ សបញ្ជាក់ច្បាស់អំពីការប្ដេជ្ញាចិត្តយ៉ាងមុះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់និងពង្រឹងនូវទំនាក់ទំនងល្អប្រពៃណីដែលមានស្រាប់ ពិសេសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី សំដៅធ្វើយ៉ាងណាតម្កល់ប្រយោជន៍ទៅវិញទៅមករបស់ប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។