ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ ព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា 

រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំព្រះរាជពិធី សម្ពោធប៉ុស្តិ៍សុខភាព “សម្តេចព្រះរាជគ្រូ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅវត្តស្វាយពពែ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងថ្វាយព្រះរាជដំណើរយាងរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ កិច្ចប្រជុំ មានការនិមន្តពី ព្រះអរិយវង្ស ហង្ស សាវី ព្រះប្រធានព្រះរាជលេខាធិការដ្ឋាន នៃសម្តេចព្រះមហាសង្ឃរាជ ព្រះតំណាង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ។ 

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរព្រះគុណ អរគុណចំពោះ ព្រះតំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ព្រមទាំងសមាជិក សមាជិកា អង្គប្រជុំទាំងអស់ ដែលបាននិមន្ត អញ្ជើញចូលរួមប្រជុំ តាមការនិមន្ត និងអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង បានប្រគេន ជម្រាបជូនជ្រាបអំពីខ្លឹមសារនៃលិខិតរបស់ក្រសួងព្រះបរមរាជវាំង និងកិច្ចការចាំបាច់ដែលត្រូវរៀបចំឱ្យបានល្អ។ 

ក្រោយការពិភាក្សារួចមក អង្គប្រជុំបានឯកភាពជាគោលការណ៍ និងធ្វើការកំណត់បែងចែកភារកិច្ច ប្រគេន ព្រះរាជលេខាធិការដ្ឋាន សម្តេចព្រះមហាសង្ឃរាជ និងជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី សម្រាប់ អនុវត្តមានដូចជា÷ អំពីការរៀបចំទីតាំងប្រារព្ធព្រះរាជពិធីសម្ពោធព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ចំពោះកាលបរិច្ឆេទប្រារព្ធព្រះរាជពិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ប្លង់រួម និងអនុសាសន៍ណែនាំរាល់ការងារសម្រាប់បម្រើព្រះរាជពិធីសម្ពោធ ព្រមទាំងបានណែនាំដល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សហការការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍មុន-ក្រោយ ក្នុងពេលប្រារព្ធព្រះរាជពិធី និងតាមផ្លូវឆ្លងកាត់ ថ្វាយព្រះរាជដំណើរយាងរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងដំណើរអញ្ជើញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ អញ្ជើញទៅចូលរួមក្នុងព្រះរាជពិធីសម្ពោធ ។ 

មុននឹងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានទូលប្រគេន ព្រះរាជតំណាង សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ ព្រះមេត្តាជួយចាត់ចែងដោយទឹកព្រះទ័យ ជ្រះថ្លា និងសំណូមពរសមាជិក សមាជិកាអង្គប្រជុំទាំងអស់ អញ្ជើញត្រឡប់ទៅវិញ រាយការណ៍ជូនថ្នាក់ដឹកនាំ បានជ្រាប និងសហការអនុវត្ត ឱ្យទទួលបានលទ្ធផលប្រសើរ។