ឯកឧត្តម ឈិន កេតនា អញ្ជើញត្រួតពិនិត្យ​វឌ្ឍនភាពការងារ និងមណ្ឌលស្នាក់នៅកីឡាករអុំទូក ដំណើរឆ្ពោះទៅព្រះរាជពិធីបុណ្យអុំទូក​ បណ្តែប្រទី​ប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ២០២៤ មុខព្រះបរមរាជវាំង

ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លោក ឃ្លាំង ហួត អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលរងរាជធានីទាំង៥ផ្សេងទៀត ឯកឧត្តម តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន គណៈអភិបាលខណ្ឌដូនពេញ គណៈអភិបាលខណ្ឌជ្រោយចង្វារ គណៈអភិបាលខណ្ឌឬស្សីកែវ បានអញ្ជើញចុះត្រួតពិនិត្យ​ផ្ទាល់អំពីវឌ្ឍនភាពការងារ នៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែប្រទី​ប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ២០២៤ មុខព្រះបរមរាជវាំង ។

ឯកឧត្តម បានណែនាំដល់គ្រប់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ត្រូវមើលប្លង់រួម​ ប្លង់ទីតាំង កន្លែងប្រារព្ធពិធីនីមួយៗ​ និងការរៀបចំតុបតែលម្អនៅកន្លែងសំខាន់ៗក្នុងរាជធានីភ្នំពេញ ពោលគឺមុខព្រះបរមរាជវាំង ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំក្លោងទ្វារ បដា ទង់ជាតិ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ខែ្មរ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ បានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញ ត្រូវសហការសម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ឱ្យស្អាតជាប្រចាំ ការរៀបចំសម្អាតតាមច្រាំងទន្លេឱ្យមានសោភ័ណភាពស្អាតគួរជាទីគយគន់ ត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺសាធារណៈ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ លើការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ និងបញ្ហាពាក់ព័ន្ធជាច្រើនទៀតសម្រាប់ដំណើរការព្រះរាជពិធីឱ្យប្រព្រឹត្តទៅដោយរលូននិងសប្បាយរីករាយ ពិសេសត្រូវរួមសហការគ្នាពន្លឿនការងារអោយបានទាន់ពេលវេលា មានគុណភាព សោភ័ណភាពស្រស់ស្អាត ។

ឯកឧត្តម បានអញ្ជើញបន្តពិនិត្យវឌ្ឍនភាពការងារ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ហើយក្នុងនោះទូកដែលនឹងត្រូវចូលរួមប្រកួតសរុបចំនួន ៣៤៥ ទូក ព្រមទាំងប្រទីបចំនួន៣៦ ក៏នឹងបណ្តែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ទើបឈប់ និងចតនៅមុខព្រះបរមរាជវាំង ព្រមទាំងការរៀបចំសាឡង់ឲ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយសម្រាប់ដំណើរការអុជកាំជ្រួចពេលល្ងាចរយៈពេល៣ថ្ងៃ ក្នុងនោះមានចំនួន៤ដង ពោលគឺនៅពាក់កណ្តាលអាធ្រាតថ្ងៃទី២ម្តងទៀត ដែលជាយប់អកអំបុកសំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិធីផងដែរ។

ឯកឧត្តម ឈិន កេតនា ក៏បានណែនាំបញ្ហាមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំ អង្គភាព អាជ្ញាធរ ដែលមានទូកចូលរួមប្រកួតក្នុងព្រះរាជពិធីត្រូវពិនិត្យមើលការផ្គូរផ្គងវាយតម្លៃឱ្យបានច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ទីចេញដំណើរ ខ្សែទឹក និងទីព្រ័ត្រ ក៏ដូចជាកម្លាំងរក្សាសណ្តាប់ធ្នាប់ ដើម្បីត្រៀមចៀសវាងការកើតមានឡើងនូវបាតុភាពមិនល្អណាមួយក្នុងព្រះរាជពិធី ។

តមក ឯកឧត្តម ឈិន កេតនា បានអញ្ជើញបន្តដំណើរពិនិត្យមណ្ឌលស្នាក់នៅរបស់កីឡាករអុំទូក មកពីតាមបណ្តារាជធានីខេត្ត គឺនៅមណ្ឌលឬស្សីកែវ និងមណ្ឌលជ្រោយចង្វារ OCIC។ ឯកឧត្តមបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើការងារតុបតែងតំឡើងរោង ចូលទៅក្នុងមណ្ឌលស្នាក់នៅកីឡាករ មកពីតាមបណ្តាលខេត្តនានា បានជាច្រើនរោង, រៀបចំបន្ទប់ទឹក បង្គន់អនាម័យ តាមកន្លែងស្នាក់នៅកីឡាករ, រៀបចំតបណ្តាញទឹកស្អាត កន្លែងហូបបាយជូនកីឡាករ, រៀបចំតបណ្តាញភ្លើងអគ្គិសនី និងប្រព័ន្ធភ្លើងបំភ្លឺសូឡា តាមរោងនីមួយៗ, និងត្រៀមរៀបចំដាក់ធុងសំរាមទៅតាមទីតាំងទាំងអស់ក្នុងមណ្ឌលស្នាក់នៅ នៅតាមច្រាំងទន្លេនីមួយៗក៏មានការដាក់ទង់ជាសញ្ញាសុំចតទូកសម្រាប់បងប្អូនកីឡាករងាយស្រួលឡើងមកមណ្ឌលស្នាក់នៅ ព្រមទាំងមានការឈូសឆាយផ្លូវនិងតាមច្រាំងទន្លេបានយ៉ាងស្អាតល្អសម្រាប់ការស្នាក់នៅរបស់កីឡាករ ។

សូមបញ្ជាក់ដែរថា ទាំងអស់នេះហើយ គឺជាការរៀបចំបានយ៉ាងល្អពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ឯកឧត្តម ឈិន កេតនា ក៏បានអំពាវនាវឲ្យកីឡាករអុំទូកដែលអញ្ជើញមកពីតាមបណ្ដាខេត្តរាជធានីទាំងអស់ដែលបានចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីទោះបីជាទទួលបានជ័យលាភី ឬមិនទទួលបានជ័យលាភី ក៏សូមឲ្យទូកនីមួយៗចូលរួមក្នុងពិធីកាត់ព្រ័ត្រឱ្យបានច្រើនកុះករ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ដែលជាថ្ងៃទី ៣ នៃព្រះរាជពិធី។