ឯកឧត្តម តែម ម៉ឺន បានថ្លែងជំរុញ ដល់សិក្ខាកាមថា ត្រូវយកចំណេះជំនាញថ្មីៗពាក់ព័ន្ធគណៈវិនិច្ឆ័យដែលបាន រៀនសូត្រ ពីគ្រូឧទ្ទេស ទៅប្រើប្រាស់ ប្រកបដោយវិជ្ជាជីវៈក្រមសិលធម៌

ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងជំរុញ ដល់សិក្ខាកាមថា ត្រូវយកចំណេះជំនាញថ្មីៗ ពាក់ព័ន្ធគណៈវិនិច្ឆ័យដែលបានរៀនសូត្រ ពីគ្រូឧទ្ទេសទៅប្រើប្រាស់ ប្រកបដោយវិជ្ជាជីវៈក្រមសិលធម៌ ដើម្បីចូលរួមលើកកម្ពស់គុណភាពប្រដាល់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ ការបញ្ជាក់របស់ឯកឧត្តម តែម ម៉ឺន អនុប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅក្នុង ពិធីបិទបញ្ចប់វគ្គបំប៉ន សមត្ថភាពគណៈ វិនិច្ឆ័យគ្រប់គ្រង ការប្រកួតកីឡា ប្រដាល់គុនខ្មែរ កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ។
ឯកឧត្តម អនុប្រធានកិត្តិយស បានបន្តទៀតថា ស្នងការប្រកួត គណៈវិនិច្ឆ័យ ក្នុងការកាត់សេចក្តីត្រូវប្រុងប្រយ័ត្នបំផុត ព្រោះមានការឆ្គាំឆ្គងបន្តិចបន្តួច និងត្រូវមហាជនដាក់សម្ពាតថា មិនសុក្រិតយុត្តិធម៌ ដូច្នោះ សូមប្រើប្រាស់ជំនាញវិជ្ជាជីវៈកាត់សេចក្តីឱ្យច្បាស់លាស់ និងអនុវត្តច្បាប់វិនិច្ឆ័យក្នុងស្តង់ដាតែមួយ ដើម្បីលើកកម្ពស់គុណតម្លៃក្រមសិលធម៌ជាគណៈវិនិច្ឆិដែលអនុវត្តការងារតាមចំណេះជំនាញដែលបានរៀនសូត្រ។
ឯកឧត្តម តែម ម៉ឺន បានជំរុញទៀតថា ក្នុងនាមជាគណៈវិនិច្ឆ័យមួយរូបពេលបំពេញភារកិច្ចទី១ត្រូវបញ្ចេញសមត្ថភាពឱ្យអស់ធ្វើដោយឆន្ទៈប្រកាន់ភ្ជាប់នូវវិន័យ ក្រមសិលធម៌នៃវិជ្ជាជីវៈដែលជាស្នងការប្រកួតនិងជាប្រធានវិនិច្ឆ័យសម្រាប់ការប្រកួត ពិសេស ត្រូវរក្សាសាមគ្គីក្នុង ក្នុងក្រម ដើម្បីឱ្យការផ្តល់ពិន្ទុទៅសមស្របនិងអាចទទួលយកបានសមហេតុសមផលធ្វើឱ្យមហាជន និងកីឡាករបរទេសមកប្រកួតពេញចិត្តនិងឯកភាពទទួលយក។
យោងតាមរបាយការណ៍ វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ។បានរៀបចំឡើងរយៈពេល៥ថ្ងៃពីថ្ងៃទី០៧-១១ ខែមេសា ឆ្នាំ២០២៥ក្រោមការចែករំលែកពីគ្រូឧទ្ទេសចំនួន៣រូប រួមមាន៖ ឯកឧត្តម ម៉ិល កាដូ, លោក ទុយ ប៊ុនហឿន និងលោក អ៊ិន ខេមរិន។ ជាលទ្ធផល សិក្ខាកាម៣០នាក់ ទទួលបានលទ្ធផលល្អណាស់៣% លទ្ធផលល្អ៥៧% និងមធ្យម៤០%៕