ឯកឧត្តម តែ ឡូរិន៖ កីឡាករ កីឡារិនី សូមប្តេជ្ញាដណ្តើមមេដាយមាសជូនជាតិ ក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា
ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា ឯកឧត្តម តែ ឡូរិន បានជំរុញលើកទឹកចិត្តដល់ក្រសួង រាជធានីខេត្ត និងកីឡាករ កីឡាការិនីគុនដាវទាំងអស់ប្តេជ្ញាប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចគោលដៅដណ្តើមឱ្យបានមេដាយមាស ក្នុងការប្រកួតកីឡាគុនដាវអន្តរជាតិនានា នាពេលខាងមុខ ខណៈការប្រកួតអន្តរជាតិកន្លងមក វិស័យកីឡាគុនកម្ពុជាដណ្តើមបានត្រឹមមេដាយសំរឹទ្ធ។នេះជាការលើកឡើងរបស់ ឯកឧត្តមប្រធាន ក្នុងឱកាសបិទការប្រកួតកីឡាគុនដាវ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅផ្សារទំនើប ដឺភីក (The Peak)ជាការកត់សម្គាល់ ឯកឧត្តម តែ ឡូរិន គូសបញ្ជាក់ថា បច្ចុប្បន្ន ប្រភេទកីឡាគុនដាវកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈចំនួនរបស់ស្ថាប័នក្រសួង រាជធានីខេត្តបានចូលរួមប្រកួតកីឡាគុនដាវ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤នេះបានកើនឡើងជិត១៥ ក្រសួងរាជធានីខេត្ត ដោយកាលពីពេលមុនៗ មានតែ ២-៣ក្លឹបស្ថិតក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ឯកឧត្តម តែ ឡូរិន សង្កត់ធ្ងន់ថា ៖«ខ្ញុំសង្ឃឹមថា នៅថ្ងៃខាងមុខ ប្រភេទកីឡាគុនដាវកម្ពុជានឹងអាចស្វែងរកមេដាយមាសជូនប្រទេសជាតិជាក់ជាមិនខាន។ សូមទាំងអស់គ្នាប្តេជ្ញាតស៊ូប្រឹងប្រែងដណ្តើមឱ្យបានមេដាយមាស ក្នុងការប្រកួតអន្តរជាតិ នៅថ្ងៃខាងមុខ។ សូមថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់ការគាំទ្រទាំងស្មារតី សម្ភារ និងថវិកា។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងឡាយជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាគុនដាវនេះដើរទៅមុខដោយរលូន និងរីកចម្រើនបន្ថែមទៀត»។ក្នុងពិធីបិទការប្រកួតទទួលបានការអញ្ជើញបំពាក់មេដាយជូនដល់ជ័យលាភីពី លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡាផងដែ។ ជាមួយគ្នានេះ មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីលោក Calvin TSE តំណាង ក្រុមហ៊ុន Worldbridge International លោកស្រី Suntheary DE MONTAIGNE មកពី Oxley Worldbridge និងលោកស្រី Emmanuelle Mace តំណាងក្រុមហ៊ុន Luxury Business Groupផងដែរ។ ផ្សារទំនើប ដឺភីក បានជួយលើកកម្ពស់ដល់កីឡាជាតិ និងបើកសម្រាប់ការធ្វើកីឡាជាតិលើកក្រោយៗទៀត ខណៈ ដឺភីក បានជួយផ្សពផ្សាយពីកីឡាជាតិផងដែរ។ ជាមួយគ្នានេះ តំណាងផ្សារទំនើប ដឺភីក បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រដល់វិស័យកីឡាគុនដាវកម្ពុជា និងប្រភេទកីឡាដទៃទៀត ក្នុងន័យរួមចំណែកជាមួយកីឡាកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត រួមទាំងកីឡាគុនដាវ ស្របតាមចក្ខុវិស័យឆ្ពោះទៅរកមេដាយមាសរបស់ឯកឧត្តម តែ ឡូរិន ទៀតផង។ក្រោយពេលបិទកម្មវិធីកីឡាជាតិគុនដាវ ដឺភីក បានបើកព្រឹត្តការណ៍បន្តបន្ទាប់ទៀតចាប់ពីថ្ងៃទី៨ខែវិច្ឆិកានេះតទៅ ក្រោមប្រធានបទ Sustainable Fashion Week ហើយថ្ងៃ៩ ខែវិច្ឆិកា ព្រឹត្តការណ៍សំខាន់បន្តទៀត គឺចាប់ពីម៉ោង៦ល្ងាច និងមានការសម្តែងក្បាច់គុន ដូចជា តេក្វាន់ដូ ដែលមកពីសហព័ន្ធតេក្វាន់ដូ និងការសម្តែងក្បាច់គុនវូស៊ូ ដែលមកពីសហព័ន្ធកីឡាវូស៊ូកម្ពុជា ក៏ដូចជាបិទកម្មវិធីដោយ ការដើរម៉ូតសម្តែងពីកីឡាករនីផ្នែកល្បុក្កតោជាច្រើន ដែលការដើរម៉ូតនេះមានការគាំទ្រពីខាង REMADE in Cambodia និងក្លឹបកីឡា Cambodian Top Team ហើយការដើរម៉ូតនេះមានឈ្មោះថា REMADE Tribute to Khmer Martial Arts៕