ឯកឧត្តម ត្រិន ថាញ់មិន (H.E. Mr. Tran Thanh Man)  ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន 

ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ដល់ភូមិគ្រឹះរបស់សម្តេចចក្រីផ្ទាល់។ 

ឯកឧត្តម ត្រិន ថាញ់មិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលឯកឧត្តមមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និតបាតអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន ក៏ដូចជាចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញសម្តែងការគួរសម និងសាកសួរសុខទុក្ខចំពោះសម្តេច ដោយផ្ទាល់ដល់គេហដ្ឋាន ដែលនេះបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំវៀតណាម ចំពោះសម្តេច។ សម្តេចបានគូសបញ្ជាក់ថា ឯកឧត្តម ត្រិន ថាញ់មិន ក៏ធ្លាប់ជាថ្នាក់ដឹកនាំរណសិរ្យមាតុភូមិវៀតណាមផងដែរ ដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន ក្នុងការរួមគ្នាកសាងអភិវឌ្ឍប្រទេសជាតិទាំងពីរ។ 

សម្តេចបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ដែលនឹងបន្តជួយជំរុញទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ កាន់តែរឹងមាំ យូរអង្វែងថែមទៀត។ បន្ថែមពីនេះ សម្តេចបានរំលឹកនូវអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់សម្តេចផ្ទាល់ ជាមួយថ្នាក់ដឹកនាំវៀតណាម ក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៃប្រទេសទាំងពីរ ជាពិសេស ឯកឧត្តម ង្វៀន ភូជុង ដែលទើបទទួលអនិច្ចកម្មកាលពីពេលថ្មីៗនេះ។ សម្តេចសង្ឃឹមថា មរតកទំនាក់ទំនងជាប្រពៃណី ដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាងឡើង និងត្រូវបានបន្តថែរក្សា និងពូនជ្រុំកាន់តែស្អិតរមួត ដោយអ្នកជំនាន់ក្រោយ ខណៈដែលស្ថានភាពពិភពលោកមានការប្រែប្រួលមិនទៀងទាត់។ 

ជាចុងក្រោយ តាមរយៈឯកឧត្តម ត្រិន ថាញ់មិន សម្តេចអគ្គមហាពញាចក្រី បានផ្តាំផ្ញើរសាកសួរសុខទុក្ខ ឯកឧត្តម តូ ឡឹម អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ព្រមទាំងថ្នាក់ដឹកនាំវៀតណាមគ្រប់រូប។ 

ជាការឆ្លើយតប ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់សម្តេច ដែលបានបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំវៀតណាម។ ឯកឧត្តម ថាសម្តេចគឺជាថ្នាក់ដឹកនាំជើងចាស់មួយរូប មានបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំប្រទេសជាតិមាតុភូមិ ហើយសម្តេចនៅតែរក្សាសុខភាពបានយ៉ាងល្អប្រសើរ។ ឯកឧត្តមសង្ឃឹមថា សម្តេចនឹងនៅតែបន្តជួយពូនជ្រុំទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ទាំងក្របខណ្ឌបក្ស រដ្ឋ ប្រជាជន និងរណសិរ្ស។

ជាចុងក្រោយ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរ នឹងបន្តជំរុញ និងអប់រំដល់យុវជនជំនាន់ក្រោយ ឱ្យយល់ដឹងអំពីសាវតានៃទំនាក់ទំនងជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងបន្តថែរក្សាទំនាក់ទំនងដ៏យូរនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត ៕