ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ ស្តីពីការពិនិត្យ “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨” មុនដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ. ស.) នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី មុនដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និង សម្រេច។ 

ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ដោយមានការប្រគល់សិទ្ធិដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការឱ្យឯកឧត្តមទទួលបន្ទុកដឹកនាំ គ.អ.ទ. ស. ជំរុញការរៀបចំវិធានការ និងផែនការអភិវឌ្ឍន៍ ទេសចរណ៍សៀមរាប-អង្គរ សម្រាប់ឆ្នាំ២០២៥ ឲ្យបានឆាប់ ជាពិសេសការ បញ្ចូលនូវផែនការសកម្មភាពទាក់ទាញទេសចរណ៍ ក្នុងរដូវកាលភ្ញៀវទេសចរទាប និងខ្ពស់។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បន្ថែមថា គ.អ.ទ.ស. បានរៀបចំឯកសារសំខាន់ចំនួនពីរ៖ ទី១-សេចក្តីព្រាង សេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យអនុវត្ត “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និងទី២-សេចក្តីព្រាង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២៥-២០២៨” អមជាមួយនឹងគម្រោងអាទិភាពចំនួន៧ ដែល គាំទ្រដល់ការអភិវឌ្ឍទេសចរណ៍សៀមរាបក្នុងរយៈពេល៤ឆ្នាំ ខាងមុខនេះ។ 

ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ដែរថា ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ជាខ្លាំង លើការអភិវឌ្ឍវិស័យ ទេសចរណ៍ជារួម និងវិស័យទេសចរណ៍សៀមរាបដោយឡែក។ ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការអនុវត្តជាបន្តបន្ទាប់ជាក់ស្តែង និងឆ្លើយតប តាមសភាពការណ៍ ដែលមានចំនួន១៤វិធានការ រួមមាន៖១. យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” សំដៅជំរុញឱ្យវិស័យ ទេសចរណ៍នៅក្នុងខេត្តសៀមរាប មានសន្ទុះងើបឡើងវិញ, ២. ការបង់ថ្លៃទិដ្ឋាការតាមអនឡាញ, ៣. ការរៀបចំប្រព័ន្ធ E-Arrival ជាទម្រង់តែមួយ សម្រាប់ភ្ញៀវទេសចរដែលចូលមកកម្ពុជា, ៤. ការលុបចោលគោលការណ៍ ដែលតម្រូវឱ្យភ្ញៀវទេសចរអន្តរជាតិ ត្រូវសម្រាកមួយយប់, ៥. ការកាត់បន្ថយសួយសារសម្រាប់យន្តហោះ,៦.ការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាម៉េរិក ដែលមានសភាពចាស់ ទក់ រហែក, ៧. ចរចារឱ្យក្រុមហ៊ុនមិនយកថ្លៃផ្លូវចូលព្រលាន មិនយកប្រាក់សម្រាប់ ការចូលដាក់ភ្ញៀវ, ៨. ការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធនឹងការថតវីដេអូ ឬរូប ភាពសន្លឹក ក្នុងរមណីយដ្ឋានអង្គរ, ៩. បន្តសុពលភាពនៃការលើកលែងពន្ធ សម្រាប់អាជីវកម្មទេសចរណ៍ មួយឆ្នាំបន្ថែមទៀត ដោយបន្តរហូតដំណាច់ខែមិថុនា ឆ្នាំ២០២៥, ១០. រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូន ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប, ១១. ការលើកលែងការពិន័យអន្តរការណ៍ ជាប្រាក់ចំពោះការហួសសុពល ភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពី មគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤បន្ថែមទៀត, ១២. ពន្យា ឬបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពី ២ឆ្នាំ ទៅ៣ឆ្នាំម្តង, ១៣. ការកែសម្រួល ពេលវេលាបើក-បិទ នៃការចូលទស្សនាប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និង១៤. កំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យ បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង ដើម្បីបង្កភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀត។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨” នឹងបន្តចូលរួម និងបំពេញបន្ថែមពីលើវិធានការ របស់រាជរដ្ឋាភិបាលទាំង១៤ ខាងលើ ក៏ដូចជា ជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឱ្យសម្រេចបានជោគជ័យ ធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅចូលរួមស្តារ និងអភិវឌ្ឍន៍វិស័យ ទេសចរណ៍សៀមរាប។ 

គួររំលឹកថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ដែលជា “មាសបៃតង” ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដោយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ពោលគឺពីចំនួនភ្ញៀវទេសចរអន្តរជាតិ ជិត ៣០ ម៉ឺននាក់ នៅឆ្នាំ ១៩៩៨ កើនឡើងដល់ជាង ៦,៦ លាននាក់ នៅឆ្នាំ ២០១៩ ដែលជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជា ហើយភ្ញៀវទេសចរក្នុងស្រុក បានកើនពី ១លាននាក់ នៅឆ្នាំ ១៩៩៨ ដល់ជាង ១១,៣ លាននាក់ នៅ ឆ្នាំ២០១៩។ ដោយឡែក ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ចម្បង បំផុតមួយរបស់ជាតិ ក៏ទទួលបានកំណើនទេសចរអន្តរជាតិគួរឱ្យកត់សម្គាល់ កើនពីជាង ៣ ម៉ឺននាក់ នៅឆ្នាំ ១៩៩៨ ដល់ជាង ២,២ លាននាក់ នៅឆ្នាំ ២០១៩ ហើយភ្ញៀវទេសចរក្នុងស្រុកបានកើនពីជាង ១ម៉ឺននាក់ នៅឆ្នាំ ១៩៩៨ដល់ជាង ២ លាននាក់ នៅឆ្នាំ២០១៩៕