ឯកឧត្តម ទេសរដ្ឋមន្ត្រី បណ្ឌិតលី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពេញអង្គដែលជាថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បណ្ឌិត លី ធុជ ប្រធានអនុញ្ញាអូតាវ៉ា ឆ្នាំ២០២៤ អញ្ជើញបន្តដឹកនាំកិច្ចប្រជុំពេញអង្គដែលជាថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

កិច្ចប្រជុំបានពិភាក្សាគ្នាលើការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយសារគ្រាប់មីន តាមបណ្ដាប្រទេសទាំងឡាយ និងអង្គការធំៗ ព្រមទាំងបានផ្ដល់នូវបទអន្តរាគមន៍ និងអនុសាសន៍សំខាន់ៗ ផ្ដោតលើការគាំពារ ជនមានពិការភាពនៅក្នុងពិភពលោក និងជំរុញឲ្យមានការគាំទ្រថែមទៀតទាំងថវិកា មធ្យោបាយ និងសម្ភារៈសម្រាប់ ប្រជាជនដែលមានពិការភាពទូទាំងពិភពលោក ដែលគ្រោះថ្នាក់ដោយសារមីន ។ កិច្ចប្រជុំ បានជជែកពិភាក្សាគ្នាលើដំណើរការ នៃការបោសសម្អាតមីន នៅលើពិភពលោកយើងនេះ ឱ្យបានល្អប្រសើរ ។

កិច្ចប្រជុំពេញអង្គថ្ងៃនេះ គឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ ហើយក៏ជាថ្ងៃសំខាន់ ដែលកម្ពុជាបានពិភាក្សានិងសម្របសម្រួលមតិយោបល់ សំណូមពរ គ្រប់រដ្ឋភាគី និងអង្គការសំខាន់ៗទាំងអស់នៅក្នុងកិច្ចប្រជុំ ពិសេសបានប្រមូលចងក្រងនូវឯកសារស្នូលមួយ ដែលទទួលបានពីគ្រប់ភាគី ។

សូមរំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តការពារសន្តិភាព និងស្ថេរភាពជូនជាតិរបស់យើង និងដឹកនាំយើងឆ្ពោះទៅរកកម្ពុជាដែលគ្មានមីន។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ កម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥ ដែលបង្ហាញពីវិធីសាស្រ្តដែលកម្ពុជាដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ផែនការយុទ្ធសាស្ត្រនេះ ក៏បង្ហាញផងដែរអំពីការត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាគំរាមកំហែងទាំងឡាយដែលនៅសេសសល់ ។