ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានសភាសហព័ន្ធនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់
(ទីក្រុងហ្សឺណែវ) ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ នៅក្រៅកិច្ចប្រជុំសហភាពអន្តរសភា (IPU) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ ជួបពិភាក្សាជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានសភាសហព័ន្ធនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។
ក្នុងជំនួបនោះ បានផ្តោតលើទំនាក់ទំនងរវាងកម្ពុជា និងនេប៉ាល់ ហើយ ឯកឧត្តមទេសរដ្ឋមន្រ្តី តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកោតសរសើរនូវទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ក្នុងនាមកម្ពុជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យប្រទេសនេប៉ាល់ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ផងដែរ។
ឯកឧត្តម Narayan Prasad Dahal ប្រធានសភាសហព័ន្ធនេប៉ាល់ បានអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រែងរបស់កម្ពុជាក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
បន្ថែមលើនេះ ប្រធានសភាសហព័ន្ធនេប៉ាល់ បានថ្លែងអំណរគុណជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជាដែលជួយដល់ប្រទេសនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នាពេលកន្លងមក ហើយ ឯកឧត្តម Narayan Prasad Dahal បានផ្តាំឱ្យ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ពាំនាំនូវសេចក្តីថ្លែងអំណរគុណជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានជួយដល់ប្រទេសនេប៉ាល់ក្នុងអំឡុងពេលការរីករាលនៃជម្ងឺកូវីដ-១៩។