ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងថា អាជ្ញាធរមូលដ្ឋានជាតួអង្គដ៏សំខាន់ ពីព្រោះជាអ្នកនៅជិតប្រជាពលរដ្ឋ ជាអ្នកដឹងច្បាស់នូវសុខទុក្ខ ក្តីកង្វល់ តម្រូវការរបស់ប្រជាពលរដ្ឋ,

ដូច្នេះការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋគឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតបនិងដោះស្រាយនូវសំណើ សំណូមពរ ប្រកបដោការទទួលខុសត្រូវខ្ពស់ ។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយផ្តោតការយកចិត្តទុកដាក់ចុះមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋ សាកសួរសុខទុក្ខ ស្តាប់បញ្ហាប្រឈម និងសំណូមពរ ជួយដល់ពួកគាត់ឱ្យអស់ពីសមត្ថភាព រួមទាំងការផ្តល់សេវាសាធារណៈ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ ជាមួយនេះបន្តការពង្រឹងសេវាតម្រូវការ និងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងសង្គម ថែរក្សាការពារសុខសន្តិភាព ៕