ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូជប៉ុន ដឹកនាំដោយ លោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc ជប៉ុន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូជប៉ុន ដឹកនាំដោយលោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc ជប៉ុន នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង ក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា ជាមួយ ក្រុមហ៊ុន TBS ជប៉ុន ក្នុងការរៀបចំបណ្ណាសារ ឯកសារ អេឡិកត្រូនិក Data Center សម្រាប់រក្សាទុកឯកសារចាស់ៗរបស់ក្រសួងព័ត៌មាន ពិសេសទូរទស្សន៍ជាតិកម្ពុជា អោយបានល្អ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍រំលឹកឡើងវិញថា ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ទទក ជាអំណោយដ៏ថ្ងៃថ្លារបស់រាជរដ្ឋាភិបាលជប៉ុន ផ្តល់មកអោយរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៨ មក ហើយអគារ ម៉ាសុីនផ្សាយ និងរាល់សំភារៈ បរិក្ខាបច្ចេកទេសទាំងអស់នៅទូរទស្សន៍ជាតិ បានប្រតិបត្តិការប្រើប្រាស់គឺជាអំណោយរបស់ជប៉ុន ។ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ រាល់ឯកសារដែលទូរទស្សន៍ជាតិបានផលិត គឺតាមរយៈសំភារៈ បរិក្ខារផលិតផលប្រទេសជប៉ុន ហើយរហូតមកដល់ពេលនេះ ម៉ាសុីនផ្សាយ និងសំភារៈប្រើប្រាស់ទាំងនោះ ចាស់ៗហួសសម័យកាលទៅហើយ ដែលប្រការនេះគឺមានតែការស្នើសុំ និងរកដៃគូរពីប្រទេសជប៉ុន ដែលមានឧបករណ៍ និងសំភារៈទាំងនោះមកប្រើប្រាស់វិញ ។ ដូច្នេះហើយ ការដែលចង់អោយមានកិច្ចសហការជាមួយ ភាគីជប៉ុន ក្នុងការស្រាវជ្រាវ រៀបចំឯកសារចាស់ៗ ជាឯកសារសំខាន់របស់ជាតិ តាំងពីជំនាន់មុនៗមក យកមករក្សាទុកក្នុងប្រពន្ធ័Digital គឺមានសារសំខាន់ណាស់ ដែលក្រសួងព័ត៌មាន ពិសេសទូរទស្សន៍កម្ពុជា ត្រូវតែរៀបចំអោយមាន បណ្ណាសារឯកសារ អេឡិកត្រូនិច ដើម្បីរក្សាទុកឯកសារចាស់ៗ សម្រាប់ប្រើប្រាស់ទៅថ្ងៃខាងមុខទៀត ។
លោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc ជប៉ុន បានជម្រាបជូនពី វិសាលភាពការងាររបស់ក្រុមហ៊ុនលើវិស័យបច្ចេកវិទ្យាអេឡិកត្រូនិច និងការរៀបចំ Data Center សម្រាប់រក្សាទុកឯកសារ ។ ដូច្នេះក្នុងឱកាសនេះ ក្រុមហ៊ុន TBS មកកម្ពុជា គឺដើម្បីធ្វើការពិនិត្យពិភាក្សាសម្រាប់កិច្ចសហការជួយរៀបចំ Data Center ដើម្បីប្រមូលរាល់ឯកសារចាស់ៗ សំខាន់ៗមកធ្វើការរក្សាទុកអោយបានល្អ មានសុវត្ថិភាព សម្រាប់ប្រើប្រាស់នៅពេលមានតម្រូវការនៅថ្ងៃខាងមុខបន្តទៀត ៕