ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិ ក្រុមហ៊ុន B2B Cambodia ដែលជាក្រុមហ៊ុនសារ ព័ត៌មានផ្តោតទៅលើការផលិតវីដេអូ និងអត្ថបទ បែបធុរកិច្ច ផ្សាយតាមគេហទំព័រ បណ្តាញសង្គមហ្វេសប៊ុក ឆាណែលតេឡេក្រាម X (Twitter) Instagram YouTube

ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយ លោក Sarvinoz Nuritdinova (CEO)
នាយកប្រតិបត្តិក្រុមហ៊ុន B2B Cambodia គឺជាក្រុមហ៊ុនសារព័ត៌មានផ្តោតទៅលើការផលិតវីដេអូ និងអត្ថបទ បែបធុរកិច្ច នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
កិច្ចពិភាក្សាបានផ្តោតជាសំខាន់ក្នុងគម្រោងនៃកិច្ចសហការលើការផ្លាស់ប្តូរព័ត៌មានរវាងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ជាមួយក្រុមហ៊ុន B2B Cambodia គឺជាក្រុមហ៊ុនសារព័ត៌មានមួយដែលកំពុងប្រតិបត្តិការការងារនៅកម្ពុជា ដោយផ្សព្វផ្សាយនៅលើបណ្តាញចំនួន ៧ មានដូចជា គេហទំព័រ បណ្តាញសង្គមហ្វេសប៊ុក ឆាណែលតេឡេក្រាម X (Twitter) Instagram YouTube ហើយស្ថាប័ននេះ ផ្តោតទៅលើការផលិតវីដេអូ និងអត្ថបទ បែបធុរកិច្ច។ ជាមួយក៏បានផ្តោតជាសំខាន់លើនិន្នាការថ្មីៗដែលកើតមានឡើងនៅតាមប្រព័ន្ធផ្សព្វផ្សាយ ហើយប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ក្នុងការទទួលបានព័ត៌មានតាមរយៈប្រព័ន្ធផ្សាយដ៏សប្បូរណ៍បែប ។ ដូច្នេះគម្រោងនៃកិច្ចសហការគ្នាគឺដើម្បីពង្រីកការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ គ្រប់ប្រព័ន្ធផ្សាយ បានទៅសាធារណជនគ្រប់ទីកន្លែង។
លោក Sarvinoz Nuritdinova (CEO) ក្រុមហ៊ុន B2B Cambodia បានគោរពស្នើសុំ
ឲ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុន B2B Cambodia ជាមួយអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លើការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងវិស័យធុរកិច្ច និងពាណិជ្ជកម្ម។ B2B Cambodia ជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលឈានមុខគេដែលផ្តល់ព័ត៌មានអាជីវកម្ម ការវិភាគទីផ្សារ និងខ្លឹមសារវីដេអូប្រកបដោយថាមពល។ បេសកកម្មរបស់ B2B Cambodia គឺដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការផ្តល់នូវការយល់ ដឹងអំពីអាជីវកម្មសំខាន់ៗ។ ខណៈពេលដែល B2B បោះពុម្ពជាភាសាអង់គ្លេសជាចម្បង ក៏បានផលិតខ្លឹមសារជាភាសាខ្មែរផងដែរ ដើម្បីទាក់ទាញទស្សនិកជនក្នុងស្រុកប្រកបដោយប្រសិទ្ធភាព។
នៅពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន ជាពិសេសជាមួយនឹងការកើនឡើងនៃវត្តមានរបស់អ្នកវិនិយោគបរទេស B2B Cambodia បានក្លាយជាធនធានដ៏សំខាន់សម្រាប់អ្នកវិនិយោគដែលស្រាវជ្រាវពីទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេស
និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចាត់ទុកគម្រោងនៃកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង ប្រព័ន្ធផ្សព្វផ្សាយ B2B Cambodia គឺមានសារៈសំខាន់ក្នុងការពង្រីកកិច្ចការងារផ្សព្វផ្សាយបានកាន់តែច្រើនហើយបានទៅដល់ប្រជាពលរដ្ឋទាន់ពេលវេលា និងងាយស្រួលថែមទៀតផង៕