ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីទទួលស្គាល់ជាផ្លូវការកម្មវិធី “គូព្រេងព្រឹទ្ធ” ដែលបានបង្ហាញពីការលើកកម្ពស់សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងក្រុមគ្រួសារ ដើម្បីរួមរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួនប្រកបដោយសេចក្តីសុខ និងសុភមង្គល ,

កម្មវិធី “គូព្រេងព្រឹទ្ធ”( The Priceless Memories) រៀបចំឡើងដោយ ក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ និងផលិតកម្មដាវីត្រា
ត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាកោះស្លាកែតស្ទូឌីយោដែលមានទីតាំងស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
មានប្រសាសន៍នៅក្នុងឱកសនោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ”នេះឡើងពិតជាបានរួមចំណែកចែករំលែកផ្តល់នូវចំណេះដឹង បទពិសោធជីវិតល្អៗ ក្នុងទំនាក់ទំនងគ្រួសាររវាងប្តីនិងប្រពន្ធដល់សាធារណជន ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងគ្រួសារ បណ្តុះភាពជាគំរូ សេចក្តីស្រលាញ់ និងភាពស្មោះត្រង់ ការគោរពនិងផ្តល់តម្លៃ ចេះអត់អោននិងអធ្យាស្រ័យគ្នាក្នុងការកសាងសុភមង្គល សិរីសួស្តី និងសុខដុមនីយកម្មក្នុងសង្គមគ្រួសារ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ពីការផ្តល់នូវការគាំទ្រកម្មវិធី «គូព្រេងព្រឹទ្ធ» និងសូមលើកទឹកចិត្តឱ្យមានការផលិតនូវកម្មវិធីនេះឱ្យបានកាន់តែផុសផុលជាបន្តបន្ទាប់បន្ថែមទៀត។
លោក ពេជ្រ ចិត្រា ម្ចាស់ផលិតករកម្មវិធី “គូព្រេងព្រឹទ្ធ” និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កោះស្លាកែតស្ទូឌីយូ បានជម្រាបជូនថា
ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ” នេះឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងក្រុមគ្រួសារ ដើម្បីរួមរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួនប្រកបដោយសេចក្តី សុខ និងសុភមង្គល ។ ជាមួយនេះក៏ជាការចូលរួមចំណែកក្នុងការលើកស្ទួយនូវវប្បធម៌ ប្រពៃណីខ្មែរ និងផ្សព្វផ្សាយពីវិស័យទេសចណ៍ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានស្គាល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ប្រជាជនខ្មែរ និងតំបន់ ទេសចរណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា។ កម្មវិធី “គូព្រេងព្រឹទ្ធ” បានទទួលនូវការគាំទ្រយ៉ាងខ្លាំងក្លារពីសំណាក់ មហាជននិងអ្នកទស្សនាយ៉ាងច្រើនលាននាក់ និងមានការចែករំលែកបន្តតាមរយៈកម្មវិធីបណ្តាញសង្គមផ្សេងៗ យ៉ាងច្រើនលើសលប់។ កម្មវិធីនេះដែរ មិនត្រឹមតែសម្រាប់ប្រជាជនខ្មែរនោះទេ គឺថែមទាំងពង្រីកទៅក្រៅប្រទេស ដោយមានការចូលរួមពីគូស្វាមី ភរិយាជាជនជាតិ អាមេរិកកាំង អាលឺម៉ង់ បារាំង ថៃ ហើយនាថ្ងៃអនាគត លោកប្រធានមានគោលបំណងពង្រីកឲ្យទៅជាកម្មវិធីសកល ដែលទទួលស្គាល់ពីប្រជាជនទូទាំងសកលលោក ។
លោក ពេជ្រ ចិត្រា បានជម្រាបជូនដែរថា ទឹកប្រាក់ចំណាយក្នុងការរៀបចំផលិតកម្មវិធី គូព្រេងព្រឹទ្ធ ចាបពីខែមករា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៥ អស់ចំនួន ១៤ មុឺនដុល្លារអាមេរិក ។
កម្មវិធី “គូព្រេងព្រឹទ្ធ” បានធ្វើការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម TikTok Facebook YouTube សរុបវីដេអូចំនួន ៦៣៦ ឃ្លីប មានចំនួនអ្នកទស្សនា ( View ) សរុបជាង ៥០០លានដង ចំនួនអ្នកចូលចិត្ត ( Like ) ជាង ៣០លានដង ចំនួនអ្នកចែកចាយ ( Share ) ជាង ៣លានដង ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានប្រគល់លិខិតសរសើរជូនដល់គូព្រេងព្រឺទ្ធចំនួន ២៥គូ ផងដែរ ៕