ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» សូមនិយាយថាទេ! ចំពោះដំណឹងក្លែងក្លាយ (Fake News)

ក្រសួងព័ត៌មាន បានរៀបចំពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» នៅព្រឹថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្ត ទាំង២៥ ថ្នាក់ដឹកនាំសមាគមសារព័ត៌មាន និស្សិតមកពី DMC និងតាមប្រព័ន្ធវីដេអូ Zoom មានអភិបាលរងខេត្តទទួលបន្ទុកព័ត៌មាន សមាជិកអ្នកនាំពាក្យរាជធានី ខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន សរុបប្រមាណ ១ ០០០នាក់ ។
យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា ។
ដំណឹងក្លែងក្លាយត្រូវបានបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភ័ន្ត ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ សំឡេង….ហើយផ្សព្វផ្សាយលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។ ករណីសង្ស័យថាជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា false information ៕