ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានប្រតិបត្តិ ក្រុមហ៊ុន Yunnan Communication Group ប្រទេសចិន ដោយផ្តោតជាសំខាន់លើការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយ និងសោតទស្សន៍រវាងក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុន Cambodia Digital TV យូណាន់ អោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត
នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Zhou Minghong ប្រធានប្រតិបត្តិ ក្រុមហ៊ុន Yunnan Communication Group Co., Ltd (YCG) ប្រទេសចិន ដោយផ្តោតជាសំខាន់លើការបន្តពង្រឹងកិច្ចសហការលើវិស័យផ្សព្វផ្សាយ និងសោតទស្សន៍ រវាងក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា និង ក្រុមហ៊ុន CDTV (Cambodia Digital TV) ប្រទេសចិន ដែលមានរយៈពេល ១០ឆ្នាំកន្លងមក និងបន្តទៅមុខទៀត ។
លោក Zhou Minghong បានសំដែងនូវការវាយតំលៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការល្អរវាង ក្រុមហ៊ុន CDTV (Cambodia Digital TV) ប្រទេសចិន និងក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ។ ដូច្នេះសម្រាប់ជំនួបពិភាក្សាគ្នានាឱកាសនេះ ដើម្បីពិនិត្យនិងវាយតំលៃពីលទ្ធផលការងារដែលរួមគ្នាសម្រេចបានកន្លងមក និងលើកទិសដៅផែនការសកម្មភាពរួមសម្រាប់ធ្វើយ៉ាងណាអោយកិច្ចសហការរវាងភាគីទាំងពីរចិន កម្ពុជា លើវិស័យផ្សព្វផ្សាយ និងសោតទស្សន៍ កាន់តែវិវឌ្ឍន៍រីកចម្រើនទៅមុខទៀត ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា ជាមួយក្រុមហ៊ុន Cambodia Digital TV យូណាន់ ប្រទេសចិន រយៈពេល ១០ឆ្នាំកន្លងមកនេះ គឺដំណើរទៅយ៉ាងល្អ ហើយជាបន្តគឺការពង្រឹងកិច្ចសហការនេះកាន់តែរឹងមាំក្នុងក្របខណ្ឌមេគង្គ ឡាងឆាង ដើម្បីជាចក្ខុវិស័យឈានទៅសម្រេចបានជោគជ័យនាពេលអនាគត ដូចដែលប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា ចិន បានកំណត់ថា « ចំណងមិត្តភាពដែកថែម » ហើយជាកិច្ចសហការ « ត្បូងពេជ្រ » ៕