ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាគមសារព័ត៌មាន ដើម្បីប្រមូលធាតុចូល សំណូមពរផ្សេងៗ ដើម្បីដាក់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបជុំមួយអ្នកសារព័ត៌មានលើកទី៧ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាគមសារព័ត៌មាន ដើម្បីប្រមូលធាតុចូល សំណូមពរផ្សេងៗ ដើម្បីដាក់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបជុំមួយអ្នកសារព័ត៌មានលើកទី៧ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥,

  

   

  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយសមាគមសារព័ត៌មាន នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដើម្បីប្រមូលធាតុចូល សំណូមពរផ្សេងៗ និងធ្វើបច្ចុប្បន្នភាពសមាគម ដើម្បីដាក់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបជុំមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នាមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌អន្តរជាតិជ្រោយចង្វារ (OCIC)។ 

  កិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាមួយសមាគមសារព័ត៌មាន ដើម្បីប្រមូលធាតុចូល ហើយចង់ដឹងបញ្ហា និងសំណូមពរផ្សេងៗ របស់អ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពប្រចាំថ្ងៃតាមរយៈសមាគមអ្នកសារព័ត៌មាន ដែលជាតំណាង និងធ្វើបច្ចុប្បន្នកម្មអំពីស្ថានភាព សមាគម ដែលកំពុងដំណើរការ ឬមិនដំណើរការ ចំនួនបុគ្គលិក របាយការណ៍ប្រចាំឆ្នាំ ដើម្បីដាក់ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីជួបជុំមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ ខាងមុខនេះ ។ 

  ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដល់ប្រធានសមាគមសារព័ត៌មានដែលបានចូលរួមប្រជុំនាឱកាសនេះថា រៀងរាល់ឆ្នាំនៃពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយលទ្ធផលដែលទទួលបានពីការសម្រេចយល់ពីប្រមុខរាជរដ្ឋាភិបាល គឺមានតម្លៃស្មើកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ។ 

ដូច្នេះកិច្ចប្រជុំនាឱកាសនេះ ដើម្បីប្រមូលនូមតិយោបល់ពីបងប្អូនជាអ្នកសារព័ត៌មាន តាមរយៈប្រធានសមាគមសារព័ត៌មាន នូវរាល់ចម្ងល់ បញ្ហា និងអ្វីដែលអ្នកសារព័ត៌មានចង់បាន ហើយមានគំនិតផ្តួចផ្តើចអ្វីខ្លះ ដើម្បីរួមគ្នាធ្វើឲ្យមានភាពប្រសើរឡើងនូវក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ជាពិសេសការពារសិទ្ធិសេរីភាពសារព័ត៌មាន ។ 

  ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល លើកទី៧ នាពេលខាងមុខនេះ 

គឺជាការបង្ហាញពីសាមគ្គីភាព និងភាពសប្បាយរីករាយ ពិសេសក៏ជាឱកាសរបស់អ្នកសារព័ត៌មានទទួលបានអនុសាសន៍ល្អៗពីប្រមុខរាជរដ្ឋាភិបាល ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ជូនថា ការជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល គឺស្របគ្នានៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ ឧសភា ឆ្នាំ២០២៥ ។

គួររំលឹកដែរថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែមករា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។ 

  ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើក កម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ផងដែរ។ 

  គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥នេះ  ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៦លើករួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ ដូច្នេះនៅក្នុងខែឧសភា ខាងមុខនេះគឺជាពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ ៕