ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយតំណាងទូរទស្សន៍ SBS របស់កូរ៉េខាងត្បូង ដើម្បីសិក្សាពីលទ្ធភាពផលិតកម្មវិធីបែបកម្សាន្តរួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា,

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យតំណាងទូរទស្សន៍ SBS (Seoul Broadcasting System) ដ៏ល្បីរបស់សាធារណៈរដ្ឋកូរ៉េ និងក្រុមហ៊ុន ឋានន្តរ វរ្ម័ន ឌីជីថល ២១.ឯក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។
នៅក្នុងកិច្ចពិភាក្សាការងាររវាង ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងតំណាងទូរទស្សន៍ SBS (Seoul Broadcasting System) ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាពីលទ្ធភាពផលិតកម្មវិធីបែបកម្សាន្ត រួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា (TVK) និង ទូរទស្សន៍ SBS កូរ៉េ ដើម្បីបម្រើអារម្មណ៍ដល់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។
ជាមួយកិច្ចពិភាក្សាការងារនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា នឹងបង្កើតនូវកាលានុវត្តភាព សម្រាប់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការសហការលើវឌ្ឍនភាពបន្ថែមទៀតនៃច្បាប់វិសោធនកម្មសម្រាប់គម្រោងប្រព័ន្ធផ្សព្វផ្សាយ និង ឌីជីថលនីយកម្មរបស់ក្រសួងព័ត៌មាន៕