ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដើរតូនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដើរតូនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយធនធានមនុស្សដែលបានឆ្លងកាត់នៅសាលានេះ បានបំពេញកិច្ចការងារចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការបំរើជាតិ និងប្រជាជន ក៏ដូចជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ,
ជាមួយគ្នានេះដែរ សាកលវិទ្យាល័យអាសុីអឺរ៉ុប ក៏បានផ្តល់នូវក្តីសង្ឃឹមដល់កូនចៅបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ តាមរយៈការទទួលបាននូវអាហារូបករណ៍,
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីពិធីជួបជុំអតីតនិស្សិត និងពិសាភោជនាហារសាមគ្គីគ្រួសារសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នាសាលសន្និសីទកោះពេជ្រ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំវត្តមាន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័នជាច្រើន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងនូវអំណរគុណចំពោះសាកលវិទ្យាអាសុី អឺរ៉ុប ដែលផ្តល់អាហារូបករណ៍ ដល់អ្នកមិនមានលទ្ធភាពបន្តការសិក្សា អោយមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាបាន ។ ជាមួយគ្នានេះដែរ សាកលវិទ្យាអាសុី អឺរ៉ុប ក៏ជាផ្នែកមួយចូលរួមកែប្រែអនាគតរបស់ប្រជាជនកម្ពុជាមួយចំនួន ជាពិសេសយុវជនដែលមិនមានលទ្ធភាពហើយទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យនេះ បានធ្វើអោយនិស្សិតទាំង នោះមានការងារធ្វើ មានចំណូល ដែលធ្វើអោយអនាគតមានការរីកចម្រើន ។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយនៅក្នុងបញ្ចកោណទី១ បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្សគឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

អ្នកឧកញ៉ា កតិ្តបណ្ឌិត លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាសុីអឺរ៉ុប បានជម្រាបជូនថា ការជួបជុំគ្នានាឱកាសនេះ គឺជាជួបស្គាល់គ្នា រ៉ាប់អានគ្នាទៅវិញទៅមក ពិសេសរំលឹកអនុស្សាវរីយ៍ របស់អតីតនិស្សិតសាកលវិទ្យាល័យអាសុីអឺរ៉ុប គ្រប់ជំនាន់ទាំងអស់ដោយក្នុងនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ជាអតីតនិស្សិតដែលបានសិក្សានៅសាកលវិទ្យាអាសុីអឺរ៉ុបនេះដែរ ។ អ្នកឧកញ៉ា បានបញ្ជាក់ដែរថា សាកលវិទ្យាល័យ អាសុីអឺរ៉ុប បានចូលរួមកសាង និងបណ្តុះបណ្តាលធនធានមនុស្ស ចាប់តាំងពីឆ្នាំ២០០២ មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ននេះសាកលវិទ្យាល័យបានផ្តល់ការបណ្តុះបណ្តាលកំរិតរយៈខ្លី រហូតដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ៕