ឯកឧត្តម នេត្រ ភក្ត្រា សូមសម្តែងនូវការសោកស្តាយជូនចំពោះក្រុមគ្រួសារបងប្អូនពលរដ្ឋចំនួន ៣ រូបដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូក
ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយជូនចំពោះក្រុមគ្រួសារបងប្អូនពលរដ្ឋចំនួន ៣ រូបដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូកកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដឹកដំឡូងមីឆ្លងកាត់ទន្លេឆ្ពោះទៅកាន់ទីផ្សារហើយជួបភ្លៀងខ្យល់ខ្លាំង។ តាមរយៈលោក យ៉ិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី បានយកលិខិតរំលែកទុក្ខនិងបច្ច័យរបស់ខ្ញុំចូលរួមបន្ថែមជូនក្រុមគ្រួសារសព។
នៅវេលាម៉ោង១៤និង២០នាទីថ្ងៃទី២០ កញ្ញា ជនរងគ្រោះមានគ្នាចំនួន៥នាក់ធ្វើដំណើរលើទូកមួយគ្រឿង ដឹកដំឡូងមី មកដល់ចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ក៏បានជួបប្រទះភ្លៀង និងខ្យល់ខ្លាំងបង្កើតជារលកទឹកធំៗវ៉ៃទូកឲ្យលិចតែម្តង។ ជនរងគ្រោះ ក្នុងឧបទ្ទវហេតុខាងលើ មានចំនួន៥នាក់ ខណៈមាន២នាក់ រួចផុតជីវិត និងបីនាក់ទៀត លិចបាត់ទៅក្នុងទឹក បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធកម្លាំងប្រដាប់អាវុធ លោកអភិបាលស្រុក អភិបាលរង បានរកឃើញសាកសព ចំនួន២នាក់ នៅរសៀលថ្ងៃដដែល លុះព្រឹកឡើងថ្ងៃទី២១ កញ្ញា ទើបរកឃើញសពម្នាក់ទៀត។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំសូមអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្តក្រចេះដែលបានខិតខំប្រឹងប្រែងជួយស្វែងរកជនរងគ្រោះ និងបានចូលរួមរំលែកទុក្ខក្រុមគ្រួសារសព។ សូមបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំង ៣ រូបបានទៅកាន់សុគតិភព។