ឯកឧត្តម នេត្រ ភក្រ្តា ៖ វិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងរបស់ប្រជាជនតាមរយៈការបញ្ជូនព័ត៌មានពិតនិងត្រឹមត្រូវ ហើយក៏ជាស្ពានផ្សារភ្ជាប់ទំនាក់ទំនង ពង្រឹងសាមគ្គីភាព និងបង្កើន ស្មារតីមិត្តភាពលើវិស័យវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពីការផ្លាស់ប្តូរបទសម្ភាសរួមគ្នា រៀបចំឡើងដោយ កាសែត People’s Daily នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារសុខាភ្នំេពញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, ឯកឧត្តម Jiang Nan ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ នៅកម្ពុជា, លោក Zhang Nian Sheng ប្រធានការិយាល័យកាសែត People’s Daily ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក សម្រាប់វេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងសារព័ត៌មានកម្ពុជា និងសារព័ត៌មានចិន។

  ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការចូលរួមរបស់អ្នកសារព័ត៌មានកម្ពុជា និងចិនក្នុងវេទិកានាឱកាសនេះ ជាឧទាហរណ៍មួយដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិង ចិន ដែលមានទិសដៅច្បាស់លាស់និងយូរអង្វែង។ ការសិក្សា ការទស្សនា និងធ្វើបទយកការណ៍រួមគ្នាធ្វើឱ្យអ្នកសារព័ត៌មាន យល់កាន់តែច្បាស់អំពីបរិបទពិតប្រាកដនៃការអភិវឌ្ឍ និងកិច្ចសហការព្រមទាំងបញ្ហាប្រឈមនានាសំដៅផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ ដោយធានានូវគុណភាព សុវត្ថិភាព និងលឿនរហ័សទាន់សភាពការណ៍។ តាមរយៈវេទិកាថ្ងៃនេះដែរ បានផ្តល់នូវឱកាសដ៏មានតម្លៃនៃការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធ និងការចែករំលែកចក្ខុវិស័យរវាងអ្នកសារព័ត៌មានកម្ពុជានិងចិន ដែលទាក់ទងភាពរីក ចម្រើននៃប្រទេសទាំងពីរ និងជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែម សម្រាប់សង្គមជាតិទាំងមូល ជាពិសេសសម្រាប់កម្ពុជា-ចិន។ ផ្សារភ្ជាប់ជាមួយកម្មវិធីនាថ្ងៃនេះ ដំណើរទស្សនកិច្ចសារព័ត៌មានរួមកម្ពុជា-ចិន បានផ្តោតជាសំខាន់លើគម្រោងអភិវឌ្ឍន៍ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និង ផ្លូវ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីគោលជំហររួមគ្នា ក្នុងការលើកកម្ពស់ភាពយល់ដឹង ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាដៃគូយូរអង្វែងរវាងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យសាធារណជន និងពិភពលោក ជាពិសេសប្រជាជននៃប្រទេសទាំងពីរយល់ច្បាស់អំពីគម្រោងសំខាន់ៗ ដែល ប្រទេសជាមិត្តដែកថែបទាំងពីរបានសហការ អនុវត្តរួមគ្នាដូចជាមន្ទីរពេទ្យព្រះកុសុមៈ តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ កំពង់ផែស្វយ័តព្រះសីហនុ ស្ថានីយវារីអគ្គិសនីសេសានក្រោម២ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ គម្រោងស្ពានចាក់អង្រែ ជាពិសេសមជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ដែលបានដាក់សម្ពោធជាផ្លូវការកាលពី ពេលថ្មីៗនេះ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការផ្អែកលើអត្ថប្រយោជន៍រួម សុភមង្គលរួម និងអនាគត រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ៕