ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៥ នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៥ នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង លោកតា លោកយាយ និងបងប្អូនពុទ្ធបរិស័ទជាច្រើនកុះករ។

ពិធីនេះបានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយនៅរសៀលថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ ធ្វើបទនមស្ការ សមាទានសីល ព្រមទាំងនិមន្តព្រះមន្ត្រីសង្ឃ និងព្រះសង្ឃចម្រើនព្រះបរិត្ត ក៏ដូចជានិមន្តព្រះធម្មកថិកសម្តែងធម៌ទេសនា អំពីអានិសង្សនៃការរៀបចំពិធីកាន់បិណ្ឌផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនាមមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួង បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ចំពោះព្រះភិក្ខុសង្ឃគ្រប់ព្រះអង្គ ជាកិច្ចឧទ្ទិសកុសល ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូនទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ។

តមកនៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ជាថ្ងៃកាន់បិណ្ឌវេនទី៥ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា និង ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង បានធ្វើការប្រគេនយាគូ រាប់បាត និងវេរភត្តាហារ ព្រមទាំងនិមន្តព្រះសង្ឃ ដារបង្សកូល ពហូទេវាឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត។
គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៍ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ឋ ហើយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងវត្តបទុមវតីរាជវរារាម ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង និងពុទ្ធបរិស័ទទាំអស់ដែលចូលរួមកាន់វេណបិណ្ឌទី៥ ក៏បានប្រមូលបច្ច័យ តាមរយៈទឹកចិត្តសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះចៅអធិការវត្ត ចំនួន៤០លានរៀល ទុក សម្រាប់កសាងសមិទ្ធិផលដែលបំរើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានកាន់តែរីកចំរើនរុងរឿង ជារៀងរហូត។ ជាមួយគ្នានោះ ដើម្បីចូលរួមចំណែក និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា និង ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនវត្តបទុមវតីរាជវរារាម រួមមាន អង្ករ ២០បាវ មីជាតិ ១២០កេស ត្រីខកំប៉ុង ១០កេសធំ ទឹកបរិសុទ្ធ ៤០កេស តែ ២០គីឡូក្រាម ស្ករសរ ៥០គីឡូក្រាម ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ ទឹកក្រូច និងទឹកផ្លែឈើចម្រុះ ២០កេស និងទឹកប៉ូការីស្វេត ១០កេសផងដែរ៕