ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុញ្ញាតឱ្យ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងនៃធនាគារពិភពលោក  ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាទីស្តីការក្រសួង 

នាទីស្តីការក្រសួងផែនការ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុញ្ញាតឱ្យ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនដែលធនាគារពិភពលោក នឹងចូលរួមចំណែកគាំទ្រនូវការអនុវត្តឱ្យសម្រេចបានស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ របស់ក្រសួងផែនការ។            ថ្លែងជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវអំណរគុណដល់ធនាគារពិភពលោក (World Bank) ដែលបានជួយឧបត្ថម្ភគាំទ្រដល់ក្រសួងផែនការ ក្នុងការគណនាកម្រិតនៃភាពក្រីក្រនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មក ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ច រួមទាំងបានផ្តល់នូវជំនួយបច្ចេកទេសដល់វិទ្យាស្ថានជាតិស្ថិតិ លើការសម្អាតទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា និងជំរឿនសេដ្ឋកិច្ចផងដែរ។ ក្រៅពីការងារទាំងនេះ ធនាគារពិភពលោក(World Bank) ក៏បានគាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ និងក៏បានកំពុងគាំទ្រនូវការរៀបចំផែនទីភាពក្រីក្រ និងផ្សព្វផ្សាយពីលទ្ធផលនៃការរៀបចំផែនទីភាពក្រីក្រនេះផងដែរ។                                                                                                            មានប្រសាសន៍ឆ្លើយតប លោកស្រី Maryam Salim  បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញតឱ្យលោកស្រីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយលោកស្រី សូមចូលរួមអបអរសាទរចំពោះឯកឧត្តមរដ្ឋមន្ត្រីក្នុងការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងផែនការ។ លោកស្រីមានសេចក្តីរីករាយ និងបន្តបង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងផែនការ។ លោកស្រីបានលើកឡើងពីភាពចាំបាច់ និងប្រសិទ្ធភាពក្នុងដំណើរការគ្រប់គ្រងការប្រមូលទិន្នន័យ ការកៃច្នៃទិន្នន័យ ការចងក្រង និងការវិភាគទិន្នន័យ ដែលទាមទារឱ្យវិទ្យាស្ថានជាតិស្ថិតិមានការយកចិត្តទុកខ្ពស់ ដោយធនាគារពិភពលោកមិនត្រឹមតែផ្តល់ការគាំទ្រក្នុងកម្រិតថ្នាក់ជាតិនោះទេ ធនាគារពិភពលោកក៏នឹងពង្រីកការគាំទ្ររហូតដល់ថ្នាក់ខេត្តផងដែរ។                                                                                                                                          ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានផ្តល់នូវភាពចាំបាច់និងសារៈសំខាន់នៃទិន្នន័យ ដោយឯកឧត្តមរដ្ឋមន្ត្រីនឹងពង្រឹងលើយន្តការដែលមានស្រាប់ ក៏ដូចជាប្រព័ន្ធស្ថិតិជាតិទាំងមូល ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួងផែនការ និងធនាគារពិភពលោក(World Bank) ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ធនាគារពិភពលោក ពង្រីកវិសាលភាពបន្ថែមទៀតលើផែនទីភាពក្រីក្រដោយបង្ហាញនូវសូចនាករសំខាន់បន្ថែមទៀតនៃផែនទីភាពក្រីក្រនេះ  ក្នុងគោលបំណងបង្ហាញនូវព័ត៌មានសំខាន់ដល់ភាគីពាក់ព័ន្ធក្នុងគោលបំណងផ្តល់ការ  គាំទ្រឱ្យដល់គោលដៅ និងទាក់ទាញការវិនិយោគពីបរទេសផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើរឱ្យមានការគាំទ្រជាជំនួយបច្ចេកទេសដល់ដំណើរការពង្រីកការចងក្រងផលិតសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI) និងគាំទ្រដល់ការរៀបចំធ្វើឱ្យប្រសើរឡើងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB)ដែលក្រសួងផែនការ តាមរយៈមន្ទីរផែនការរាជធានីខេត្ត បានកំពុងអនុវត្តជារៀងរាល់ឆ្នាំ។ ជាការឆ្លើយតប លោកស្រី Maryam Salim  នឹងពិចារណាលើអាទិភាពការងារ និងមូលនិធិរបស់ធនាគារពិភពលោក ដោយធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ការគាំទ្រទៅតាមផែនការដែលបានកំណត់។