ឯកឧត្តម ប្រាជ្ញ ចន្ទ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃ គ.ជ.ប អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥  នៅវត្តច័ន្ទបុរីវង្ស

ឆ្លៀតពេលព្រឹកថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលោកជំទាវ ឱម សារី ប្រាជ្ញចន្ទ បានដឹកនាំមន្រ្តីរាជការគ.ជ.ប ចូលរួមក្នុងពិធីរាប់បាត្រកាន់បិណ្ឌវេនទី៤ នៅវត្តច័ន្ទបុរីវង្ស ហៅវត្តសំរោងខាងជើង ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនេះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ និងលោកជំទាវ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះចៅអធិការ និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបន្ដថា វេនបិណ្ឌទី៤ និងមានប្រារព្ធនូវបទនមស្ការ សមាទានសីល រាបបាត្រដល់ព្រះសង្ឃចំនួន១៥៦អង្គ និងវេរភត្តាហារជាកិច្ចឆ្លងបិណ្ឌ។ បន្ថែបពីនេះ ថ្នាក់ដឹកនាំ និងក្រុមការងារ គ.ជ.ប គ្រប់គ្នាបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។

ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។

ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕