ឯកឧត្តម មាស ប៊ុង៖ សន្តិភាព បានផ្តល់ឱកាសឲ្យអតីតសិស្សគ្រប់ជំនាន់ នៃសាលាបឋម សិក្សា ត្រាំខ្នារ វិទ្យាល័យ សុខអាន ត្រាំខ្នារ និង វិទ្យាល័យព្រះឧត្តម សាន មុន្នី ជង្រុក រៀបចំពិធីជួបជុំរំលឹកគុណគ្រូ

មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានមាន ប្រសាសន៍ថា សន្តិភាព បានផ្តល់ឱកាសឲ្យអតីតសិស្សគ្រប់ជំនាន់ ប្រមាណជា១៧០នាក់ នៃសាលាបឋម សិក្សា ត្រាំខ្នារ វិទ្យាល័យ សុខអាន ត្រាំខ្នារ និង វិទ្យាល័យព្រះឧត្តម សាន មុន្នី ជង្រុក រៀបចំពិធីជួបជុំរំលឹកគុណគ្រូ ដើម្បីបង្ហាញពីទឹកចិត្តដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូ ។
ឯកឧត្តម មាស ប៊ុង មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីរំលឹកគុណគ្រូ រួម៣សាលា នាបរិវេណវិទ្យាល័យ សុខអាន ត្រាំខ្នារ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន៤៧០នាក់។
បន្ទាប់ពីមតិស្វាគមន៍របស់លោក សាត ណាង នាយកវិទ្យាល័យ សុខអាន ត្រាំខ្នារ តំណាងសាលាទាំង៣ រួចមក។
ឯកឧត្តម ឆែម សុខុម តំណាងអតីតសិស្សគ្រប់ជំនាន់ បានមាន ប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃដ៏មហោឡាឬក្សមួយ ដែលយើងខ្ញុំទាំងអស់គ្នា មានឱកាសបានជួបជុំ ដើម្បីបង្ហាញពីទឹកចិត្តដឹង គុណ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀន យើងខ្ញុំទាំងអស់គ្នាឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ មានការងារល្អ សម្រាប់ ចិញ្ចឹមជីវិត ដូចសព្វថ្ងៃនេះ។ពិតមែនតែមិត្តភក្តិខ្លះ ជាមន្ត្រីរាជការមានតួនាទីក្នុងការងារ ខ្លះទៀត ជាអ្នករកស៊ីលក់ដូរ តែយើងខ្ញុំទាំងអស់គ្នា នៅតែចងចាំជានិច្ច នូវគុណណូបការៈរបស់លោក នាយក នាយករង លោកគ្រូ អ្នកគ្រូទាំងអស់មិនអាចបំភ្លេចបានឡើយ ។ដោយសារគុណសម្បត្តិ នៃការលះបង់ដ៏ធំធេងរបស់លោក ដែលបានបង្ហាត់បង្រៀនអប់រំទូន្មាន ទើបយើងខ្ញុំទាំងអស់គ្នាមានថ្ងៃនេះ ។
ព្រមជាមួយគ្នានេះ លោកគ្រូ គ្រី រដ្ឋ តំណាងលោកគ្រូអ្នកគ្រូចូលនិវត្តន៍ បានសម្តែងក្តីរំភើប និងបានកោតសសើរសម្រាប់ទឹកចិត្តដ៏ល្អ ការចេះដឹងគុណ និងអរគុណចំពោះលោកគ្រូ អ្នកគ្រូ ពីសំណាក់អតីតសិស្សនាពេលនេះ។
បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី រួចមក
ឯកឧត្តម មាស ប៊ុង មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បាននាំនៅប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ និងលោកជំទាវ ជូនចំពោះលោកគ្រូ អ្នកគ្រូ និងអតីតសិស្សគ្រប់ជំនាន់ ដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ។
នៅក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរៀបចំជួបជុំអតីតសិស្សទាំង៣សាលា និងលោកគ្រូ អ្នកគ្រូ នាថ្ងៃនេះ។ឯកឧត្តម បានមានប្រសាសន៍ថា ការជួបជុំមិត្ត ភក្តិអតីតសិស្សទាំង៣សាលា នាឱកាសពេលនេះ បានសម្តែងនូវសាមគ្គីភាព ភាតរភាពរួមជំនាន់ ដោយពុំគិតឋានៈតួនាទី បុណ្យស័ក្ដិធំតូច ក្នុងន័យរវាងទំនាក់ទំនង បង ប្អូន វប្បធម៌ចែករំលែក តាមអ្វីដែលអតីតសិស្ស ធ្វើទៅបាន។ ជាពិសេស កម្មវិធីរំលឹកគុណគ្រូនេះ ក៏បានផ្តល់ឱកាសដល់យើងទាំងអស់គ្នា បានជួបជុំសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ បានដឹងពីសុខទុក្ខ និងបានធ្វើគារវកិច្ចចំពោះលោកគ្រូ អ្នកគ្រូ ដែលបានផ្តល់នូវពាក្យប្រៀនប្រដៅ បានផ្តល់នៅចំណេះដឹង ទើបអតីតសិស្សទាំងអស់ មានឱកាសដូចពេលនេះ បានបម្រើការងារគ្រប់វិស័យក្រោមម្លប់សុខសន្តិ ភាព។ ឯកឧត្តម មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានមានប្រសាសន៍បញ្ជាក់ថា ការជួបជុំគ្នា នាថ្ងៃអាចប្រព្រឹត្តទៅបាន ដោយសារជ័យជំនះថ្ងៃ ៧មករា ១៩៧៩ និងក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ននេះ និងបន្តវេនដឹកនាំប្រកបដោយភាពឈ្លាស់វៃ ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននាំឲ្យប្រទេសជាតិ ទទួលបាននៅសុខសន្តិភាព ស្ថេរភាពនយោបាយពាស ពេញផ្ទៃប្រទេស ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខ សាន្ត និងមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងខ្ពស់មុខ
ខ្ពស់មាត់លើឆាកអន្តរជាតិ។ នៅក្នុងឱកាសនេះឯកឧត្តម មាស ប៊ុង បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្ហាត់បង្រៀន នៅក្នុងសាលាទាំង៣ខាងលើនេះ សូមបន្តយកចិត្តទុកដាក់ និងខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបាននៅចំណេះដឹងថ្មីៗ និងសូមយកចំណេះដឹងទាំងអស់ មកបង្ហាត់បង្រៀនដល់សិស្សានុសិស្សនៅសាលារបស់ខ្លួន ឲ្យបានយល់ច្បាស់ និងអនុវត្តន៍ឲ្យបានអំពីកម្មវិធីសិក្សា អំពីវិន័យ អំពីលក្ខណ្ឌតិក្កៈមួយចំនួនដែលក្រសួងអប់រំ បានកំណត់ ជាពិសេសសូមចូលរួមអប់រំ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពីអំពើអបាយមុខនានា ដែលសង្គមស្អប់ខ្ពើម និងអំពើនានាដែលខុសនឹងច្បាប់ដែលបានកំណត់ ដែលនេះជាការចូលរួមចំណែកមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ នៅក្នុងឱកាសនេះឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា កន្លងមកនេះ អតីតមិត្តរួមការងារ និង រួមសាលាគ្រប់ជំនាន់ តែងតែបាននាំគ្នាខិតខំគៀរគរនៅថវិកា និងសម្ភារៈនានាសម្រាប់ជូនដល់លោកអ្នកមានគុណ ដែលជាលោកគ្រូ អ្នកគ្រូ ជាក់ស្តែងក្នុងកម្មវិធីនាថ្ងៃនេះ ហើយសង្ឃឹមថាឯកឧត្តម លោកជំទាវ ឧកញ្ញា លោក លោកស្រី ជាអតីតសិស្សគ្រប់ជំនាន់នឹងនៅតែបន្តសាមគ្គីភាពជាបម្តទៀត ដើម្បីឲ្យជំនាន់នីមួយៗកាន់តែមានសមាជិកកាន់តែច្រើន ហើយមូលនិធិនៃរួបរួមសាមគ្គីគ្នានេះកាន់តែកើនឡើងនិងងាយស្រួលក្នុងការជួយមិត្ត ជួយសាលា ជួយមូលដ្ឋាន និងជួយដល់លោកគ្រូ អ្នកគ្រូយើង ជាពិេសសការរៀបចំនៅពិធីជួបជុំរំលឹកគុណគ្រូ នៅឆ្នាំបន្តបន្ទាប់ទៀត។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម មាស ប៊ុង មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បាននាំយកនៅថវិកា
របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ សម្រាប់ឧបត្ថម្ភដល់កម្មវិធី ក្នុងនោះ៖ សាលាស្រុកបាទីថវិកា ៥០ម៉ឺនរៀល សាលាស្រុកគងពិសីថវិកា ៥០ម៉ឺនរៀល ឃុំសូភីថវិកា៤០ម៉ឺនរៀល សាលាបឋមសិក្សា ត្រាំខ្នារ វិទ្យាល័យ សុខអាន ត្រាំខ្នារ និង វិទ្យាល័យព្រះឧត្តម សាន មុន្នី ជង្រុក ក្នុង១សាលាៗថវិកា៤០ម៉ឺនរៀល មណ្ឌលសុខភាពថវិកា៤០ម៉ឺនរៀល យុវជនសសយក សរុបចំនួន៣០នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល និងឃីត១កញ្ចប់ កម្លាំងសន្តិសុខ រួមនិងកងកម្លាំងនគរបាលការពារថវិកា៤០ម៉ឺនរៀល កងកម្លាំងរបស់បញ្ជាការដ្ឋានកាំភ្លើងធំថវិកា៥០ម៉ឺនរៀល និងបានឧបត្ថមគណៈចាត់តាំងកម្មវិធីថវិកា៤០ម៉ឺនរៀល។ ជាមួយគ្នាឯកឧត្តមគណៈអធិបតី រួមនិងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអតីតសិស្សគ្រប់ជំនាន់ទាំងអស់ បានអញ្ជើញចែកកង់ចំនួន៦គ្រឿងដល់សិស្សខ្វះខាត ក្នុងនោះរួមមាន៖ មកពីសាលាបឋមសិក្សា ត្រាំខ្នារ ចំនួន២នាក់ វិទ្យាល័យ សុខអាន ត្រាំខ្នារ ចំនួន២នាក់ និងមកវិទ្យាល័យព្រះឧត្តម សាន មុន្នី ជង្រុក ចំនួន២នាក់ ។ បន្ទាប់មកក៏បានអញ្ជើញចែកជូនវត្ថុអនុស្សាវរីយ៍ ដល់លោកគ្រូ អ្នកគ្រូ សរុបចំនួន១៦៨នាក់ ដោយក្នុងនោះ លោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូ វ័យចំណាស់ កំពុងបង្រៀននៅសាលាទាំងបី ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល អាវ១ និងក្រម៉ា១។ដោយឡែក ចំពោះលោកគ្រូ អ្នកគ្រូ អញ្ជើញចូលរួមពិសារអាហារសាមគ្គីក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល អាវ១ និងក្រម៉ា១ ។នៅក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គពិធី ក៏បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ និងព្រមទាំងបានពិសាអាហារសាមគ្គី និង រាំលេងកំសាន្តផងដែរ៕