ឯកឧត្តម ម៉ាង ស៊ីណេត៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD អន្តរជាតិ គឺជាចលករជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ នៅខេត្តតំបន់ឆ្នេរ
ក្រុមការរងារសហព័ន្ធកីឡាយានយន្តកម្ពុជា ដឹកនាំដោយឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធ និងជាប្រធានគ្រួសារ Off Road កម្ពុជា បានចូលជួបពិភាក្សាការងាររៀបចំព្រឹត្តិការប្រណាំង ជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ផ្តោតលើការពិភាគ្សា និងធ្វើបទបង្ហាញ ស្តីពីការប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តព្រះសីហនុ ដោយមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។
លោក ឈិន សីហា អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តកម្ពុជា បានធ្វើការបទបង្ហាញ ពីការរៀបចំការប្រណាំងរថយន្ត (OFF ROAD) អន្តរជាតិ ២០២៤ នៅខេត្តព្រះសីហនុ ដើម្បីកបង្កើតការជួបជុំគ្រួសាររថយន្ត (OFF ROAD)ដ៏ធំនៅកម្ពុជា មកពីបណ្តាក្លឹប និងប្រទេសនានា។ លោក បន្តថា ការប្រណាំងរថយន្ត (OFF ROAD) អន្តរជាតិ គឺជាព្រឹត្តការណ៍ទាកទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយមកធ្វើការប្រកួតបង្ហាញសមត្ថភាព បែបឆ្លងកាត់ឧបសគ្គ មានវាលភក់ ឆ្លងទឹក ថ្ម និងឧបសគ្គជាច្រើន រួមទាំងការបោះតង់ អាំងសាច់ និងរីករាយជាមួយការប្រគុំតន្ត្រី កម្មវិធីកម្សាន្ត ព្រមទាំងមានស្តង់តាំងលក់ផលិតផលម្ហូបអាហារផ្សេងៗនាបរិយាកាស កម្មវិធីកម្សាន្ត ស្តង់តាំងលក់ផលិតផល និងម្ហូបអាហារផ្សេងៗ នាបរិយាកាសក្បែមាត់សមុទ្រផងដែរ។ ក្នុងនោះក៏មានកម្មវិធីដង្ហែក្បួនម៉ូតូ និងរថយន្ត(OFF ROAD) អន្តរជាតិ ឆ្លងកាត់ផ្លូវក្នុងទីប្រជុំជនក្រុងព្រះសីហនុ ព្រមទាំងមានការដាក់ស្តង់តាំងបង្ហាញក្រុមរថយន្ត ផលិតផល និងស្តង់លក់ដូរអាហារផ្សេងៗក្នុងទីលានប្រណាំងជិតឆ្នេរអូរត្រេះ ។
អគ្គលេខាធិការរង បានបន្ថែមថា ការប្រណាំងរថយន្តឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ នៅខេត្តព្រះសីហនុ លើផ្ទៃដី ២៤ហិកតា នៅជិតឆ្នេរអូត្រេះ នឹងមានរថយន្ត Off-Road កម្ពុជា ចូលរួមប្រណាំងប្រមាណ ៨០គ្រឿង ក្នុងនោះក៏មានអ្នកប្រណាំងអន្តរជាតិចូលរួមដែរ។ ការប្រណាំងរថយន្ត OFF ROAD នេះ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឯកភាព និងគាំទ្រ សហព័ន្ធកីឡាយានយន្តកម្ពុជា ដែលផ្តួចផ្តើមគំនិតយកខេត្តព្រះសីហនុ បង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្តឧបសគ្គ OFF ROAD អន្តរជាតិ ២០២៤នាពេលខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការប្រណាំងនេះ ជា ផលិតផល ឬព្រឹត្តិការណ៍ទេសចរថ្មីៗ ដ៏ទាក់ទាញលើទឹកដីតំបន់ឆ្នេរ នៃភាគនិរតី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យរួមគ្នាជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕