ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីមន្ទីរ អង្គភាព អាជ្ញាធរក្រុង និងមហាជនពិនិត្យតំបន់អេកូទេសចរណ៍ទឹកធ្លាក់ ដើម្បីបំផុសវិស័យទេសចរណ៍ថ្មីមួយទៀតនៅតំបន់កោះរ៉ុង ខេត្តព្រះសីហនុ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល
នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីមន្ទីរអង្គភាព អាជ្ញាធរក្រុងកោះរ៉ុង និងមហាជនអញ្ជើញពិនិត្យតំបន់អេកូទេសចរណ៍ទឹកធ្លាក់នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បត្តិ៍ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តម ម៉ោង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានបញ្ជាក់ថាថ្ងៃនេះយើងបាននាំមហាជន ប្រជាជន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមកមើលពីសមិទ្ធផលវិស័យទេសចរណ៍នៅលើកោះរ៉ុង ដែល មានផ្លូវដើរឡើងភ្នំ មានជ្រោះ ចំនួន៥ និងអូរជាច្រើន សង្ឃឹមថាផ្លូវមួយនេះ អាចទាក់ទាញអ្នកចូលចិត្តធ្វើដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ ដូច្នេះអ្នកទេសចរណ៍ដែលចូលចិត្តផ្សងព្រេងតាមតំបន់ព្រៃភ្នំពួកគាត់និងមកកាន់តំបន់ផលិតផលទេសចរណ៍ថ្មីមួយនេះនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ហើយផ្លូវនេះត្រូវបានត្រួសត្រាយជាផ្លូវដើរនាពេលនេះ ដែលជាការជួយឧបត្ថម្ភពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បង្កើតជាតំបន់អូកូទេសចរណ៍ទឹកជ្រោះ ព្រៃភ្នំដែលជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍នៅតំបន់កោះរ៉ុងរបស់យើង ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់កោះរ៉ុង សូមចូលរួមថែរក្សាព្រៃឈើទាំងអស់នេះ ព្រោះមានព្រៃឈើបរិស្ថានល្អ ជីវិតរស់នៅក៏ល្អសូមឱ្យបងប្អូនប្រជាជនយើងម្នាក់ជាភ្នាក់ងារទេសចរណ៍មួយរូបផងដែរ ក្នុងការចូលរួមថែរក្សាសក្តានុពលទេសចរណ៍នៅក្នុងមូលដ្ឋានារបស់យើង ដើម្បីឪ្យប្រជាពលរដ្ឋក្នុងប្រទេសបានស្គាល់ ក៏ដូចជាប្រជាពលរដ្ឋលើពិភពលោកបានស្គាល់តំបន់កោះរ៉ុង នៃខេត្តព្រះសីហនុ ។
ជាមួយគ្នានេះ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអោយដឹងថា តំបន់កោះរ៉ុងមានសក្តានុពលផ្នែកវិស័យទេសចរណ៍មានដូចជាតំបន់ឆ្នេរខ្សាច់សរក្បុស ទឹកសមុទ្រថ្លាខៀវ ព្រៃកោងកាងជាអេកូទេសចរណ៍ ផ្កាថ្មនៅបាតសមុទ្រ និងការស្ទូចត្រីជាដើម ក្នុងនោះយើងបានបង្កើតតំបន់ទេសចរណ៍ថ្មីមួយទៀត គឺការដើរកម្សាន្តក្នុងព្រៃធម្មជាតិ និងមានទឹកធ្លាក់ចំនួន ៥ កន្លែង ហើយថ្ងៃនេះ ឯកឧត្តម អភិបាលខេត្តដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរក្រុងកោះរ៉ុង និងមហាជន ដើម្បីបំផុសវិស័យទេសចរណ៍ថ្មីមួយទៀតនៅតំបន់កោះរ៉ុងរបស់យើងឱ្យមានការទាក់ទាញថា ក្រុងកោះរ៉ុងមានផលិតផលទេសចរណ៍ដើរ កម្សាន្តក្នុងព្រៃដែលមានព្រៃ អូរ ទឹកធ្លាក់ និងសត្វជាដើម។
លោកអភិបាលក្រុងកោះរ៉ុងបានបន្ថែមទៀតថា ក្រុងកោះរ៉ុងមានរីហ្សតជាច្រើនដែលមានតម្លៃចាប់ពី ១៥ដុល្លា រហូតដល់ជាងមួយពាន់ដុល្លាក៏មាន និងមាន បឹងហ្គាឡូ និងផ្ទះសំណាក់ជាងពីពាន់បន្ទប់ ក៏ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ ពិសេសនៅពិធីបុណ្យណូអែលម្សិលមិញ ភ្ញៀវទេសចរណ៍ស្នាក់នៅពេញទាំងអស់ ទាមទារឱ្យមានការអភិវឌ្ឍបង្កើតបឹងហ្គាឡូ និងផ្ទះសំណាក់បន្ថែម។ ដោយមានការជួយឧបត្ថម្ភថវិកាត្រាយជាផ្លូវពីឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែន ដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដើម្បីបានផ្លូវឪ្យភ្ញៀវទេសចរណ៍ឡើងមកលេងទឹកជ្រោះ ក៏ប៉ុន្តែនូវរដូវប្រាំងមានទឹកធ្លាក់តិចតួច តែរដូវវស្សាទឹកធ្លាក់ខ្លាំង ជាពិសេសភ្ញៀវទេស ចរណ៍បរទេសមកលេងកម្សាន្តតាមតំបន់ព្រៃមានចំនួនច្រើន និងធានានូវសន្តិសុខ សុវត្ថិភាពល្អ ក្នុងនោះយើងក៏បានបង្កើនកម្លាំងល្បាតការពារសុវត្ថិភាពជូនភ្ញៀវផងដែរ ឪ្យពួកគាត់មានទំនុកចិត្តមកកាន់ក្រុងកោះរ៉ុងរបស់យើងកាន់តែច្រើនបន្ថែមទៀត ។