ឯកឧត្តម ម៉ាង ស៊ីណេត ណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាថែរក្សាការពារ អភិរក្សឆ្នេរចំនួន២ ទុកជាលំហរឆ្នេរសាធារណៈ 

ក្នុងឱកាសដឹកនាំមន្ត្រីពាក់ព័ន្ធខេត្ត ស្រុក ចុះពិនិត្យស្ថានភាពឆ្នេរក្នុងភូមិសាស្ត្រស្រុកស្ទឹង ហាវ នៅព្រឹកថ្ងៃសៅរទី២២ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាថែរក្សាការពារ អភិរក្សឆ្នេរចំនួន២ ទុកជាលំហរឆ្នេរសាធារណៈ គឺ «ឆ្នេរថ្មរៀង» ស្ថិតនៅភូមិឬទ្ធី ១ ចាប់ពីព្រំប្រទល់កំពង់ផែកែវផុស រហូតដល់ឆ្នេរព្រំប្រទល់ខេត្តកោះកុង និង«ឆ្នេរអណ្ដូង រឺឆ្នេរតាបារាំង» ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលឆ្នេរទាំង ២នេះ មនខ្សាច់សរបក្បុះ និងមានរុក្ខជាតិដុះចម្រុះតាមដៃព្រែក នៅឆ្នេរដូចជា ដើមកោងកាង ក្រញឹប ស្ងាវ ជាដើម និងមានលក្ខណៈធម្មជាតិមិនមានការកែច្នៃ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាការពារដើមឈើ និងឆ្នេរខ្សាច់របស់យើងឱ្យបានល្អ

ដើម្បីសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកលេងកម្សាន្ត និងត្រូវរួមគ្នាធ្វើការដាំដុះដើមឈើបន្ថែមឱ្យមានសោភ័ណភាព អនាម័យ បរិស្ថានកាន់ តែល្អស្រស់បំព្រងបន្ថែមទៀតសាកសមជាឆ្នេរតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមនាពេលខាងមុខ ជាពិសេសតំបន់ទេសចរណ៍មួយនេះជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុរបស់យើងឱ្យមានជីវភាពកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ទន្ទឹមនឹងមានឆ្នេរស្អាត យើងក៏មិនត្រូវមើលរំលងអំពីបរិស្ថាន អនាម័យនោះទេ ដោយមានការចូលរួមពីបងប្អូនអាជីវករប្រកបអាជីវកម្មនៅតាមតំបន់ឆ្នេរ ត្រូវធ្វើយ៉ាងណាថែរក្សាអនាម័យឪ្យបានជាប់ជាប្រប្រចាំ ដើម្បីផលរបរបស់យើងកាន់តែរីកចម្រើន ប្រសិនបើទីតាំងរបស់យើងមានសោភ័ណភាពទាក់ទាញភ្ញៀវមកកាន់តំបន់ទេសចរណ៍របស់យើងកាន់តែច្រើននៅពេលខាងមុខជាក់ជាមិនខាន។