ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុតថ្មីៗការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យខេត្តព្រះសីហនុ
រសៀលថ្ងៃពុធទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីលិខិតបទ ដ្ឋានគតិយុតថ្មីៗការបន្ត និងបន្ថែមលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ នៅសាខាព័ន្ធដារខេត្តព្រះសីហនុ ដោយមានការចូល រួមពីលោកអភិបាលរងខេត្ត លោកអភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ប្រធានសភាពាណិជ្ជកម្មខេត្ត សហគ្រិនវ័យក្មេង និងចៅសង្កាត់ ។ លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានឱ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយដល់អ្នកជប់ពន្ធ និងសាធារណជនឱ្យបានយល់ដឹងកាន់តែទូលំទូលាយ អំពីបទប្បញ្ញាតិផ្សេងៗស្តីពីពន្ធដារ។ ទន្ទឹមនោះសាខាពន្ធដារខេត្ត បានរៀបចំសិក្ខាសាលាជារៀងរាល់ត្រីមាសតាមផែនការ គិតត្រឹមខែតុលា ឆ្នាំ ២០២៤ សាខាបានសហការជាមួយនាយកដ្ឋានថ្នាក់កណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាសរុប ០៩លើក មានអ្នកចូលរួមចំនួន ៤០៨ នាក់ ។ លោកបានស្នើដល់អ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ឱ្យបានយល់កាន់តែច្បាស់ អំពីប្រភេទពន្ធខាងលើជៀសវាងអនុវត្តខុសឆ្គង ឬពុំបានត្រឹមត្រូវដែលនាំឱ្យទទួលរងនូវការផាកពិន័យ និងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់ផ្សេងៗ) ។តាមរយះសិក្ខាសាលានេះ យើងនឹងយល់កាន់តែច្បាស់នូវច្បាប់ស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធលើវិស័យអចលនទ្រព្យ ហើយចូលរួមអនុវត្តកាតព្វកិច្ច ក្នុងនាមជាអ្នកជាប់ពន្ធ ព្រមទាំងសហការអនុវត្ត និងផ្សព្វផ្សាយលិខិតបទដ្ឋានថ្មីៗឪ្យបានទូលំទូលាយក្នុងនាមអាជ្ញាធរពាក់ព័ន្ធ និងអ្នកជាប់ពន្ធក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះមន្ត្រីសាខាពន្ធដារខេត្ត ខិតខំយកអស់កម្លាំងកាយចិត្ត ប្រឹងប្រែងបម្រើ សេវាពន្ធដារជូនប្រជាពលរដ្ឋបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿជាក់ មាន ទំនុកចិត្តពីប្រជាពលដ្ឋ ដើម្បី កៀគរប្រភពចំណូល ដើម្បីជាគុណប្រយោជន៍នៃការអភិវឌ្ឍខេត្តព្រះសីហនុ សូមអ្នកពាក់ ព័ន្ធទាំងអស់បន្តចូលរួមសហការជាមួយសាខាពន្ធដារខេត្ត និងបានអំពាវនាវឪ្យបងប្អូនប្រជាពលដ្ឋចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋតាមការកំណត់នៃច្បាប់ ក្នុងការរួមចំណែកគាំទ្រដល់កិច្ចដំណើរនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់គោល ការណ៍លើកទឹកចិត្តពន្ធដារក្នុងវិស័យអចលនទ្រព្យកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋជា ម្ចាស់អចលនទ្រព្យក្នុងនោះរួមមាន ១.ការលើកលែងពន្ធលើចំណេញមូលធនលើអចលនទ្រព្យ ២.ការ អនុញ្ញាតការបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍសំណង់ ៣.ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទដែលមាន លក្ខណៈជាបុរី មានថ្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ។ រាជរដ្ឋាភិ បាលបន្តអនុវត្តគោលការណ៍មិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារៈកសិកម្ម កសិផលកសិកម្ម រួមមាន ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ ឱសថ ចំណីសត្វ ពូជសត្វ គ្រឿងយន្ត និងឧបករណ៍កសិកម្មមួយចំនួនផ្សេងទៀត ។ ក្នុងឪកាសនោះ ឯកឧត្តម អភិបាល ខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ប្រធានសភាពាណិជ្ជកម្ម សហគ្រិនវ័យក្មេង និងបងប្អូនប្រជាពលរដ្ឋចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋតាមការកំណត់នៃច្បាប់ ដើម្បីរួម ចំណែកគាំទ្រដល់កិច្ចដំណើរ នៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមានដូចជា ផ្លូវថ្នល់ ស្ពាន អគារ សាលារៀន មន្ទីរពេទ្យជាដើម ៕