ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំគណ: ប្រតិភូខេត្តព្រះសីហនុ ចុះសួសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ

គណ:ប្រតិភូខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្ត នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី១០ ខែមេសា ឆ្នាំ២០២៥ បានចុះសួសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំលេខ២ ដែលកំពុងឈរជើងនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ថា ការចុះសួរ សុខទុក្ខកងទ័ព គ្រួសារកងទ័ពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺស្របពេលដែលប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងការរួមរស់ នៅក្រោមម្លប់សន្តិភាព ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលទាហានកង ពលតូចអន្តរាគមន៍លេខ៤ ដែលបានខិតខំប្រឹង ប្រែងលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកៀកស្មាគ្នា សាមគ្គីភាព ឯកភាពផ្ទៃក្នុងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ហើយសកម្មភាពការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍក្នុងអង្គភាពមានការរីកចម្រើន ហើយរាល់សកម្មភាព និងការលះបង់ធ្វើពលីកម្មរបស់បងប្អុនកងកម្លាំងប្រដាប់អាវុធរបស់យើងពិតជាមានសារ:សំខាន់ណាស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។

ឯកឧត្តម អភិបាលក៏បានធ្វើការផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវការងារចាំបាច់មួយចំនួនដូចខាងក្រោម៖

១-ត្រូវមានវិជ្ជាជីវៈ ស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជនឱ្យបានម៉ឺងម៉ាត់

២-ត្រូវយកចិត្តទុកដាក់ ការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព

៣-ត្រូវហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្សទាំងបរិមាណ និងគុណភាពឱ្យមានប្រសិទ្ធភាព ពង្រឹងការហាត់ និងលេងកីឡាផ្សេងៗ ជាពិសេសបង្កើនជំនាញដល់យោធិនស្របទៅតាមភារកិច្ច និងយុទ្ធវិធីចាំបាច់

៤-ត្រូវបន្តការងារអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងដោះស្រាយនៅគ្រប់សភាព ការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិដែលអាចនឹងកើតឡើងជាយ ថាហេតុ

៥-ត្រូវយកចិត្តទុកដាក់លើការធានាកិច្ចការភស្តុភារ និងសុខាភិបាល ដើម្បីធានានូវជីវភាពរស់នៅ និងសុខ ភាពរបស់កងទ័ពរបស់យើងកាន់តែល្អប្រសើរ។

ក្នុងឪកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៍បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវឧបត្តម្ភជូនកងពលតូចអន្តរាគមន៍លេខ៤ ចំនួន២០លានរៀល វរសេនាតូចលេខ២៤១, ២៤២, ២៤៣ និង២៤៤ មួយវរសេនាតូច ៥លានរៀល។ ជូនគ្រួសារកងទ័ព ២៦៣នាក់ ម្នាក់ ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៨នាក់ ម្នាក់ ១០ម៉ឺនរៀល ស្តី្រមានផ្ទៃពោះ ១៦នាក់ ក្នុងម្នាក់ ១០០ដុល្លាអាមេរិក សិស្សានុសិស្ស ២៣៦នាក់ ម្នាក់ ១ម៉ឺនរៀល សៀវភៅ ៥ក្បាល ប៉ិច ៣ដើម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕