ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ បានលើកឡើងថា ការចូលរួមដាំដើមឈើជាការរួមចំណែកដ៏ប្រពៃក្នុងការបង្កើនគម្របបៃតង ដែលនឹងជួយធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាព

ភ្នំពេញ៖ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ បានលើកឡងថា ការចូលរួមដាំដើមឈើដែលជាការរួមចំណែកដ៏ប្រពៃក្នុងការបង្កើនគម្របបៃតង ដែលនឹងជួយធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដូចទៅនឹងប្រធានបទរបស់យើង “មានដើមឈើ ជីវិតសុខសាន្ត” ។
ក្នុងពិធីដាំដើមឈើ នៅសួនស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក បានបន្ថែមថា សកម្មភាពនៃការចូលរួមដាំដើមឈើនេះ គឺពិតជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់គោរពប្រតិបត្តិតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងនៃយើង។
ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក បានរំឭកជូនអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា រុក្ខទិវា” នៅក្នុងឆ្នាំ១៩៥២ ក្នុងគោលបំណង ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះ ភពផែនដី និងមនុស្សជាតិ។ ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់ និងដើម្បីបន្តស្នាព្រះហត្ថដ៏ថ្លៃថ្លាបំផុតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសបង្កើតឡើងវិញ នូវពិធី«រុក្ខទិវា» ចាប់ពីឆ្នាំ១៩៩២ដែលត្រូវបានប្រារព្ធឡើង នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំរហូតមក។
ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប៉ិនប្រសព្វបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិធីរុក្ខទិវា ឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចកកម្ពុជា។ នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះអង្គទ្រង់បានមានព្រះរាជបន្ទូលដ៏មានអត្ថន័យបំផុតថា៖ “រុក្ខទិវាជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើដោយមានទស្សនៈរួម គឺការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯងទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង”។
យោងតាមរបាយការណ៍របស់ លោកអភិបាលរងខណ្ឌទួលគោក និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ សម្រាប់ពិធីដាំដើមឈើ និងចែកកូនឈើ ក្នុងមូលដ្ឋានរបស់យើងនាពេលនេះ គឺមានការដាំដើមឈើចម្រុះចំនួន៦ប្រភេទ សរុបចំនួន ២០៧ដើម នៅតាមប្រឡាយ ស្ថិតក្នុង ភូមិ ចំនួន៧ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមួយផ្នែកទៀតស្ថិតក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ។
ជាមួយគ្នានេះ ក្រុមការងារក៏បានត្រៀមកូនឈើចម្រុះប្រភេទចំនួន ៣០០ដើម សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅតាមទីវត្តអារាម ដងផ្លូវសាធារណៈ និងលំនៅឋានរៀងៗខ្លួន។
ទន្ទឹមនឹងនេះ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ក៏សូមផ្តាំផ្ញើដល់អាជ្ញាធរ ខណ្ឌ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ សូមយកចិត្តទុកដាក់ជួយថែរក្សា ការពារកូនឈើ ដែលបានដាំរួចឱ្យបានដុះលូតលាស់ល្អ និងគង់វង្ស ចៀសផុតពីការបំផ្លាញគ្រប់បែបយ៉ាង និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមមេត្តាបន្តចូលរួមដាំដើមឈើគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរអាចដាំបាននិងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យបានដុះលូតលាស់ល្អ សម្រាប់ទុកជាប្រយោជន៍របស់មនុស្ស សត្វ នាពេលបច្ចុប្បន្ន និងទៅអនាគត។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក និង លោកជំទាវ ឡុង វិសាខា ជូនបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើនេះចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល៕