ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ រួមគ្នាឆ្លើយតបបញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ តាមរយៈមធ្យោបាយការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានឆ្លាតវៃ ការផ្ទៀងផ្ទាត់ទិន្នន័យឆ្លាតវ័យ និងការឆ្លើយតបពីអ្នកប្រើប្រាស់ជាដើម

  ការធ្វើដូច្នេះគឺដើម្បីពង្រឹងសមត្ថភាពចាប់និងទប់ទល់ព័ត៌មានក្លែងក្លាយ ព្រមទាំងរួមគ្នាការពារជំនឿទុកចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ ព្រោះនៅក្នុងសម័យកាលដែលជោរជន់ដោយព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ  និងបំភាន់គឺជា បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ។

  នេះជាការថ្លែងរបស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ ២០២៤ រៀបចំដោយក្រសួងព័ត៌មានកម្ពុជា និងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ។

   ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះពិភពលោកមានការរីកចម្រើនខ្លាំងទៅលើបច្ចេកវិទ្យាព័ត៌មាន ហើយក្នុងនោះព័ត៌មានពិត និងព័ត៌មានក្លែងក្លាយនៅលាយឡំជាមួយគ្នា ហើយប្រជាពលរដ្ឋមួយចំនួនមិនទាន់គ្រប់គ្រងបានទាំងស្រុងលើការវិវឌ្ឍដ៏លឿនរហ័សនៃបច្ចេកវិទ្យានេះទេ ដែលជាការបង្កើតអោយមានបញ្ហាការប្រើប្រាស់ព័ត៌មាន ហើយមានជនមួយចំនួនឆ្លៀតឱកាសបង្កើតអោយមានព័ត៌មានក្លែងក្លាយដើម្បីបំពុលសង្គម ។ ទាំងនេះគឺជាចំណុចមួយសម្រាប់យើងទាំងអស់គ្នាមិនត្រឹមតែបន្សាំទៅនិងការរីកចម្រើនប៉ុណ្ណោះនោះទេ ប៉ុន្តែចាំបាច់ដែលត្រូវតែបង្កើតប្រសិទ្ធិភាពស្របទៅការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន ។ អ្វីដែលជាតូនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយគឺការផ្តល់នូវការបណ្តុះបណ្តាល និងផ្តល់ជាចំណេះដឹងដល់ប្រជាពលរដ្ឋ ។  

ដូច្នេះតាមរយៈវេទិកានេះ ឯកឧត្តម រដ្ឋមន្ត្រី បានផ្ដល់នូវយោបល់ឱ្យប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា ចិន បង្ហាញពីលក្ខណៈពិសេស និងសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន  តាមរយៈការសហការផលិតសេចក្ដីរាយការណ៍ព័ត៌មាន និងកម្មវិធីវប្បធម៌ ជាពិសេសការ ប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ពង្រឹង ភាពស៊ីជម្រៅ និងភាពទូលំទូលាយនៃកិច្ចសហ ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ព្រមទាំងជំរុញធ្វើឱ្យមានភាពឆ្លាតវៃ និងជាក់លាក់ក្នុងការផ្សព្វផ្សាយព័ត៌មាន ។ ការប្រើប្រាស់បច្ចេកវិទ្យាជំរុញ នវានុវត្តន៍ គឺស្របពេលដែលបញ្ញាសិប្បនិម្មិត AI  និងបច្ចេកវិទ្យា ឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងត្រូវប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យបានពេញលេញដើម្បីជំរុញការច្នៃប្រឌិតថ្មីក្នុងការបង្កើតមាតិកាខ្លឹមសារ និងបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ។ តាមរយៈការ ប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ យើងអាចបង្កើនការរាយការណ៍ព័ត៌មានឱ្យបានកាន់តែរហ័ស ត្រឹមត្រូវ និងជាក់លាក់ព្រមទាំងនាំមកនូវ បទពិសោធន៍កាន់តែសម្បូរបែបក្នុងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ ទស្សនិកជនរបស់ខ្លួន ។

 ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែកត់ត្រាព្រឹត្តការណ៍ ពិភពលោកប៉ុណ្ណោះទេ ថែមទាំងបង្កើតអនាគតសម្រាប់ពិភពលោកផងដែរ ។ ក្នុងសម័យកាល ប្រវត្តិសាស្ត្រគន្លឹះនេះ យើងនឹងរួមគ្នាខិតខំបង្កើត ទំព័រថ្មីនៃទំនាក់ទំនងក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា- ចិន ដើម្បីបញ្ចូលកម្លាំងថ្មីក្នុងការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។

  ឯកឧត្ដម Chencong អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមក កិច្ចសន្ទនាស៊ីជម្រៅ ការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងការរៀនសូត្រពីគ្នា ទៅវិញទៅមករវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន បានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផល ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ ក្នុងនាមជាកម្លាំងចលករដ៏សំខាន់សម្រាប់បដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មថ្មីមួយលើកទៀត បញ្ញាសិប្បនិមិត្ត បានជះឥទ្ធិពលយ៉ាងធំធេង និងទូលំទូលាយដល់សង្គមមនុស្ស នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងវិស័យផ្សេងៗទៀត ហើយក៏បាននាំមកនូវភាពទូលំទូលាយ និងស៊ីជម្រៅផងដែរដល់ ការផ្លាស់ប្តូរលើ វិស័យផ្សព្វផ្សាយ ព័ត៌មាន។ ការពន្លឿន កាអភិវឌ្ឍសមាហរណកម្ម រវាង បញ្ញាសិប្បនិម្មិត និងការផ្សព្វផ្សាយព័ត៌មាន បានក្លាយជាបញ្ហាថ្មី ដែលការ អភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយ សម័យ បច្ចុប្បន្ន កំពុង ប្រឈម ហើយថែមទាំងបានបើកផ្លូវ ថ្មី មួយ សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន។ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរជុំវិញបច្ចេកវិទ្យាផ្សព្វផ្សាយ បញ្ញាសិប្បនិមិត្ត មាន កាលានុវត្តភាព និង អនាគត ទូលំទូលាយ ។

វេទិកាដែលបានធ្វើឡើងពេញមួយព្រឹកនេះ បានអញ្ជើញភ្ញៀវកិត្តិយសចំនួន ៩រូប មកពីក្រសួងព័ត៌មានកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសចិន និងកម្ពុជា និងអ្នកតំណាងធនាគារគំនិត ដើម្បីពិភាក្សាអំពីប្រធានបទចំនួន៣ រួមមាន របៀបដែលបញ្ញាសិប្បនិម្មិតបង្កើត និងផ្សព្វផ្សាយខ្លឹមសារបញ្ហាប្រឈម, ការឆ្លើយតបដែលនាំមកដោយបញ្ញាសិប្បនិម្មិតក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត។ ក្រៅពីនេះនៅលើវេទិកាក៏បានចាក់បញ្ចាំងវីដេអូសមិទ្ធផល នវានុវត្តន៍បច្ចេកវិទ្យារបស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនចែកផ្សាយព្រឹត្តិបត្រពិសេស«ឆ្លងកាត់ភ្នំនិងសមុទ្រក៏មិនឆ្ងាយពីគ្នា»ផងដែរ ៕