ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នឹងបន្តចាប់ដៃគូសហការជាមួយអង្គការ UNESCO ដើម្បីធ្វើកិច្ចការងារសំខាន់ៗសំដៅពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ហើយតម្រង់ទិសដល់អ្នកសារព័ត៌មានអោយបំពេញការងារប្រកបដោយក្រមសីលធម៍ វិជ្ជាជីវៈត្រឹមត្រូវ ,

ឯកឧត្តម រដ្ឋមន្ត្រី បានសំដែងនូវជំនឿជឿជាក់ថា ស្មារតី និងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌរវាងក្រសួងព័ត៌មាន និងអង្គការ UNESCO គាំទ្រដោយម្ចាស់ជំនួយ ហើយមានការចូលរួមពីគ្រប់ភាគី សមាគមសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធលើកិច្ចការងារប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន រួមទាំងមន្ត្រីដែលមានការពាក់ព័ន្ធ នឹងធ្វើអោយវិស័យព័ត៌មានកាន់តែមានភាពរឹងមាំ រីកចម្រើនទៅមុខបន្ថែមទៀត ហើយតម្កល់នូវផលប្រយោជន៍រួម នោះគឺការធានាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន ពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ហើយមានសុវត្ថិភាព ។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» រៀបចំឡើងដោយ ក្រសួងព័ត៌មាន និង អង្គការ UNESCO នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សណ្ឋាគារសូហ្វីតែលភូគាត្រា រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក Sardar Umar Alam តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំប្រទេសកម្ពុជា និង តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បានខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាព បណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្របខណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍ គឺជាកិច្ចការអទិភាពរបស់ខ្លួន រួមទាំងការរៀបចំលិខិបទដ្ឋានគតិយុត្តពាក់ព័ន្ធដើម្បីធ្វើអោយកិច្ចការងារព័ត៌មាននៅកម្ពុជាកាន់តែរឹងមាំ ។
ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដែរថា ក្នុងពេលបច្ចុប្បន្ននេះមិនមែនតែប្រទេសកម្ពុជានោះទេ នៅលើពិភពលោកបាន ជួបបញ្ហាប្រឈមក្នុងការខ្វះមូលនិធិហិរញ្ញវត្ថុ ការវិនិយោគលើសារព័ត៌មាន ដោយ សារការវិនិយោគលើវិស័យព័ត៌មាន មិនសង្ឃឹមថាចំណេញនោះទេ ។ ដូច្នេះតាមរយៈអង្គវេទិកានាឱកាសនេះគឺមានសារៈ សំខាន់ដោយសារមានការចូលរួមគ្នាជាមតិយោបល់ជាច្រើន ដើម្បីរិះរកនូវិធីសាស្រ្តដើម្បីធានានូវនិរន្តភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ការវិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានយ៉ាងណាក៏ដោយ ប៉ុន្តែគោលចម្បងនៃតូនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយគឺធានាសិទ្ធិការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ។ តាមរយៈនេះដែរក្រសួងព័ត៌មាន បាន រៀបចំអោយមាន “ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន “ ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៍វិជ្ជាជីវៈសម្រាប់លើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ។
គូរបញ្ជាក់ដែរថា ការរៀបចំសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២នេះឡើង ក្នុងគោលបំណងបង្កើតជាវេទិកាមួយសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែក បទពិសោធន៍ និងការអនុវត្តល្អៗ ក៏ដូចជាលើកឡើងពីកាលានុវត្តភាព និងបញ្ហាប្រឈមដែលបាននិងកំពុង កើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថលនេះ សំដៅរួមគ្នាស្វែងរកដំណោះស្រាយ សបស្រម ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ៕