ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងការអរគុណដល់ ក្រុមហ៊ុន HONOR Device Cambodia ដែលបានផ្តល់នូវនាឡិកាដៃ និងដបដាក់ទឹក ទុកសម្រាប់ចែកជូនដល់សិស្សពូកែជាប់និទ្ទេសA ចំនួន ៥៦រូប មកពីខេត្តក្រចេះ តាមរយៈក្រសួងព័ត៌មាន,
ទឹកចិត្តដ៏ថ្លៃថ្លារបស់ ក្រុមហ៊ុន HONOR Device Cambodia បានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់ការចូលរួមគាំទ្រ លើកស្ទួួយជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា,
ការថ្លែងអំណរគុណនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទទួលជួបពិភាក្សាការងារ និងទទួលអំណោយនាឡិកាដៃ និងដបដាក់ទឹកពី លោក Zheng Xian Jiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ASEAN Top News លោក Ryan Zheng អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន HONOR Device Cambodia នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងព័ត៌មាន នឹងរៀបចំពីជួបជុំសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយអាណាព្យាបាល និងសិស្សពូកែជាប់និទ្ទេស A ចំនួន ៥៦រូប មកពីខេត្តក្រចេះ ដែលត្រូវមកចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សពូកែនៅទូទាំងប្រទេស នាព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ដូច្នេះសម្រាប់អំណោយរបស់ ក្រុមហ៊ុន HONOR Device Cambodia ផ្តល់ដល់ក្រសួងព័ត៌មាន នាពេលនេះ នឹងធ្វើជាកាដូរលើកទឹកចិត្តចែកជូនដល់សិស្សពូកែជាប់និទ្ទេស A មកពីខេត្តក្រចេះ ទាំង ៥៦រូប ដែលបានប្រឡងជាប់ក្នុងសម័យប្រឡងទុតិយភូមិឆ្នាំ២០២៤ ។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជន ពិសេសក្រុមហ៊ុន HONOR Device Cambodia និង ក្រុមហ៊ុន ASEAN Top News ក្នុងផ្តល់ជាកាដូរដល់សិស្សពូកែ គឺជាការ លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្លាយជាសិស្សពូកែ ហើយក៏ជាគម្រូដ៏ល្អសម្រាប់សិស្សជំនាន់ក្រោយអោយប្រឹងបន្តរៀនសូត្របានកាន់តែពូ ជាប់និទ្ទេសល្អ ដើម្បីទទួលបានការលើកទឹកចិត្តផ្តល់អំណោយផ្សេងៗពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរដែន និងក្រុមការងារចុះមូលដ្ឋានចុះ ខេត្ត រាជធានី ។
លោក Zheng Xian Jiang បានបញ្ជាក់ថា ក្រុមហ៊ុន HONOR Device Cambodia និង ក្រុមហ៊ុន ASEAN Top News រីករាយក្នុងការចូលរួមជាមួយក្រសួងព័ត៌មាន ក្នុងសកម្មភាពមនុស្សធម៍នានា ពិសេសការចូលរួមចំណែកដល់ការពង្រឹង និងលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ដើម្បីអោយមានធនធានមនុស្សកាន់តែច្រើនសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនបានឆាប់រហ័ស ។
គូររំលឹកដែរថា កាលពីពេលថ្មីៗនេះ លោក Zheng Xian Jiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ASEAN Top News បានផ្តល់សៀវភៅ “ឯកឧត្តម ស៊ីជីងភីង ស្តីពីអភិបាលកិច្ចប្រទេសចិន” ភាគទី៤ ជាភាសាអង់គ្លេស ចំនួន ១០០០ក្បាល ដល់ក្រសួងព័ត៌មាន សម្រាប់ចែកជូននិស្សិត យកទៅអានស្វែងយល់និងបង្កើនចំណេះដឹង សិក្សាស្វែងយល់បន្ថែមពីគោលនយោបាយ អភិបាលកិច្ចរដ្ឋក្នុងការគ្រប់គ្រងនិងដឹកនាំប្រទេសចិន ហើយអាចរៀនសូត្រ និងដកស្រង់យកជាបទពិសោធន៍ ៕