ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា ដើម្បីក្លាយខ្លួនជាអ្នកនិពន្ធដ៏អស្ចារ្យម្នាក់ ដែលអ្នកអានចងចាំជាប់ក្នុងក្រអៅបេះដូង គឺអ្នកនិពន្ធ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើពាក្យពេចន៍ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូរ

ការរក្សាបាននូវចំណុចដែលមានតម្លៃទាំងនេះ ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម កិត្យានុភាពជាតិ និងសោភណ្ឌភាពស្របតាមអត្តសញ្ញាណជាតិ ។ ទន្ទឹមនេះត្រូវគោរពស្រឡាញ់ការងារ ចំណេះ ជំនាញ ទាំងតម្លៃពិតខាងស្មារតី និងបច្ចេកទេស ព្រមទាំងមានមនសិការចូលរួមអនុវត្តឱ្យបានសម្រេចនូវ «គោលនយោបាយ ជាតិស្តីពីវិស័យវប្បធម៌» គឺជាផែនទីចង្អុលផ្លូវក្នុងការអភិរក្ស និងអភិវឌ្ឍ មរតក វប្បធម៌ដ៏មានតម្លៃរបស់ជាតិឱ្យបានគង់វង្ស និងយូរអង្វែង។
ការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមវគ្គបណ្តុះបណ្តាលសមាគមអ្នកនិពន្ធខ្មែរ វគ្គ ៣៤ ៣៥ និង៣៦ សរុបចំនួនប្រមាណជាង ១៦០ អង្គ នាក់ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នាសាលចុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ។
ពិធីប្រគល់វិញ្ញាបនបត្រនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើការចូលរួម នូវគំនិត និងទស្សនៈខ្លះៗជូនសិក្ខាកាមដែលទើបនឹងបញ្ចប់ការសិក្សារៀបចំឡើងដោយសមាគមអ្នកនិពន្ធខ្មែរ ត្រូវចៀសវាងឱ្យបានដាច់ខាតនូវគ្រប់សកម្មភាព និង ឥរិយាបថ ទាំង ឡាយណាដែលមានផលប៉ះពាល់ អវិជ្ជមានដល់ វប្បធម៌ ប្រពៃណី និងកិត្យានុភាពជាតិ ។ ត្រូវបង្កើតស្នាដៃចេញពីសមត្ថភាពនៃប្រឌិតញាណរបស់ខ្លួន ដោយផ្ទាល់ ហើយត្រូវរក្សាឱ្យបាននូវពណ៌សម្បុរ និងអត្តសញ្ញាណជាតិ ។ ជាមួយនេះគ្រប់ស្នាដៃត្រូវបង្កប់នូវគំនិត និងទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកកម្ពស់ ការអប់រំ សីលធម៌ គុណធម៌ មនសិការស្នេហាជាតិ ស្នេហាវប្បធម៌ និងការអភិវឌ្ឍសង្គម ។ ឯកឧត្តម រដ្ឋមន្រី បានបន្ត លើកទឹកចិត្តដល់អ្នកនិពន្ធ ត្រូវប្រកាន់ខ្ជាប់នូវមនសិការចូលរួមគាំទ្រគ្រប់សកម្មភាពអប់រំ និងគ្រប់កិច្ចការសង្គម ហើយត្រូវផ្អែកលើគោលការណ៍ឯករាជ្យភាព សុចរិតភាព សច្ចភាព និងគុណភាព ចៀសវាងឱ្យបាននូវការបង្កើតស្នាដៃដែលមានចរិតអុជអាលបំបែកបំបាក់ ប្រកាន់ ពូជ សាសន៍ ពណ៌ សម្បុរ និងជំនឿសាសនា ទន្ទឹមនេះ ត្រូវតម្កល់ស្នាដៃរបស់ខ្លួនទុកជាកេរដំណែល ចំពោះមនុស្សជំនាន់ក្រោយ ពិសេស ចងក្រង ឯក សារ ដែលបានសិក្សាស្រាវជ្រាវរកឃើញទុកជាក្បួនតម្រា ។ អ្នកនិពន្ធក៏ត្រូវប្រកាន់ខ្ជាប់នូវមនសិការជាអ្នកបន្តវេនមរតកវប្បធម៌ដ៏ល្អផូរផង់របស់បុព្វបុរសយើង និងជាគំរូ ដ៏ប្រពៃថ្លៃថ្លាដល់អ្នកបន្តវេនជំនាន់ក្រោយៗទៀត ជាពិសេស
ត្រូវតែគោរពឱ្យបាននូវច្បាប់ស្តី ពីកម្មសិទ្ធិបញ្ហា ពោល គឺ ត្រូវលុបបំបាត់នូវ វប្បធម៌ លួចចម្លងស្នាដៃគ្រប់ទម្រង់រូបភាព ដើម្បីឥស្សរភាពនៃអ្នកនិពន្ធដ៏ប្រាកដនិយម៕
ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកនិពន្ធខ្មែរ អ្នកនិពន្ធ កវីនិពន្ធ និង រៀមច្បងទាំងអស់ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ មនសិការខ្ពស់ ក្នុងការចូលរួមបង្ហាត់បង្ហាញ ចែករំលែកនូវចំណេះដឹង និងបទពិសោធផ្ទាល់ខ្លួនជូនសិក្ខាកាម គ្រប់វគ្គសិក្សាកន្លងមកដោយមិនខ្លាចការនឿយ ហត់ ក្នុងបុព្វហេតុរួមចំណែកលើកស្ទួយវិស័យ អក្សរសាស្ត្រ អក្សរ សិល្ប៍ជាតិខ្មែរ ឱ្យរឹតតែមានវឌ្ឍនភាពប្រកបដោយគុណវុឌ្ឍិ ៕