ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងថា ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌
ជ័យជម្នះ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាពីការកាប់សម្លាប់ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបខ្មែរក្រហម ប៉ុល ពត ហើយបានធ្វើឱ្យតម្លៃខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលបានកសាងពូនផ្តុំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ។
ឈរលើមូលដ្ឋានជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញនូវភាពជាម្ចាស់មាតុភូមិកម្ពុជានិងលើវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករា ថាជា «ថ្ងៃកំណើតទី២ របស់ខ្លួន, បើគ្មានថ្ងៃទី៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ»។ ទាំង នេះ ជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយ «មានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»។
នេះជាប្រសាសន៍ថ្លែងបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃការប្រារព្ធទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៥ ) នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នាបរិវេណមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋប្រមាណ ២ ០០០នាក់ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា ថ្ងៃជ័យជម្នះ ៧ មករា គឺជាថ្ងៃវិសេសវិសាលនៃការរំឭកឡើងវិញពីការជួយសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតទ្បើងវិញទាន់ពេលវេលា រួចផុតពីអំពើសោកនាដកម្ម ការធ្វើទារុណកម្មសព្វបែបយ៉ាង និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុតដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា និង របស់មនុស្សជាតិប្រព្រឹត្តឡើងដោយក្រុមខ្មែរ ក្រហម ប៉ុល ពត។
កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ លើមូលដ្ឋាននៃការពង្រីកជ័យជម្នះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើន ។
សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធមួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជា នឹងចងចាំថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាតខ្មែរក្រហម និងបានរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហមទាំងស្រុងទាំងផ្នែកយោធា នយោបាយក្រោមនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះដោយ សម្តេចតេជោ និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យុត្តិធម៌ត្រូវបានផ្តល់ជូនជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមរយៈការ បង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឬសាលាក្តីខ្មែរក្រហម។ នៅពេលនេះ ក្រុមអ្នកបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៧ នេះ បាននិងកំពុងបន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេស ប្រកបដោយភាពស្វាហាប់និងការទទួលខុសត្រូវខ្ពស់ និងទទួលបាននូវភាពជឿជាក់ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ។